(ក្រុងឡុងដ៍)៖ ក្លិបតោខៀវ Chelsea នឹងគ្មានវត្តមានខ្សែប្រយុទ្ធជួរមុខ Armando Broja សម្រាប់ការប្រកួតក្នុងលីគ Premier League របស់ពួកគេទល់នឹងកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃសៅរ៍នេះ បន្ទាប់ពីកីឡាករសញ្ជាតិអាល់បានីរូបនេះ បានរងរបួសក្នុងពេលបំពេញកាតព្វកិច្ចឲ្យជម្រើសជាតិ។ នេះបើតាមសម្តីអ្នកចាត់ការទូទៅលោក Mauricio Pochettino ហើយត្រូវបានចុះផ្សាយដោយគេហទំព័រកីឡា Channel News Asia នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

កីឡាកររបស់ Chelsea បានរងរបួសជាច្រើនក្នុងរដូវកាលនេះ ហើយកីឡាករ Broja បានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge វិញ មុនពេលជ័យជម្នះនៃក្រុមជម្រើសជាតិរបស់លោកលើគូប្រជែងប៊ុលហ្គារី ក្នុងការប្រកួតមិត្តភាព អន្តរជាតិក្នុងទីក្រុង Tirana របស់អាល់បានីកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។

«Broja នឹងអវត្តមាន ដោយសារលោកមានបញ្ហារបួសជង្គង់»,នេះបើតាមសម្តីលោក Pochettino បានប្រាប់អ្នកសារព័ត៌មាន។

សូមជម្រាបថា Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាង Premier League ដោយមាន ១១ពិន្ទុនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Arsenal ដែលមិនទាន់ចាញ់ការប្រកួត ដោយឈរនៅចំណាត់ថ្នាក់ទី២ ដែលមាន២០ពិន្ទុ នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នេះ៕