(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Erik ten Hag យល់ថា អ្នកចាំទីដែលកំពុងមានសម្ពាធ Andre Onana អាចរៀនសូត្រពីអតីតអ្នកចាំទីរបស់ក្លិប Man Utd ដែលពោរពេញដោយបទពិសោធន៍មានដូចជា Peter Schmeichel និង David de Gea។

តាមរយៈការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា Onana ទទួលការរិះគន់យ៉ាងខ្លាំងចាប់តាំងពីចូលរួមនៅទឹកដី Old Trafford ដោយផ្ទេរមកពីក្លិបអ៊ីតាលី Inter Milan ក្នុងតម្លៃ ៤៧.២លានផោនកាលពីខែកក្កដា ឆ្នាំ២០២៣។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានរក្សាមិនឲ្យបាល់ចូលទីត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតសម្រាប់ Man Utd។

លោក Ten Hag ថា «អ្នកចាំទីខ្លាំងៗរបស់បិសាចក្រហមមានដូចជា Schmeichel និង De Gea មិនបានចាប់ផ្តើមល្អពេកនោះទេពីដំបូងៗ។ សម្រាប់ Andre វាល្អដែលបានដឹងពីប្រវត្តិ។ គាត់ដឹង, យើងដឹង ថាគាត់នឹងធ្វើបានល្អជាងមុន»

អ្នកចាត់ការសញ្ជាតិហូឡង់ខាងលើនេះបានទទួលស្គាល់ថា ទម្រង់លេងរបស់ Onana មិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែការអភិវឌ្ឍខ្លួន នឹងកើនឡើងនៅពេលឆាប់ៗខាងមុខ ដ្បិត Man Utd ត្រូវប៉ះ Sheffield United នៅថ្ងៃសៅរ៍នេះក្នុងលីគ Premier League ប្រចាំសប្តាហ៍ទី៩ ជើងទី១៕