(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីទទួលយកការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

Toyota បានក្លាយជាក្រុមហ៊ុនគូប្រជែងមួយទៀតដែលបានអនុម័តស្តង់ដារសាកថ្មរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានក្រុមហ៊ុន Ford Motor, General Motors និង Nissan ក៏បានអនុម័តកម្រិតស្តង់ដារសាកថ្មអាមេរិកខាងជើង (NACS) របស់ក្រុមហ៊ុន Tesla ផងដែល។ មានន័យថាក្រុមហ៊ុនទាំងនេះសុទ្ធតែអាចចូលប្រើប្រាស់ទីតាំងសាកថ្ម Tesla Supercharger ទាំងអស់ប្រមាណ ៦០ភាគរយបាននៅអាមេរិក។

យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា គិតចាប់ពីពេលពេលវេលាចុះហត្ថលេខាព្រមព្រៀងនេះតទៅ Toyota នឹងចាប់ផ្តើមផលិតប្រភេទសាកថ្មរថយន្តអគ្គិសនីថ្មីរបស់ខ្លួនដូចគ្នាទៅនឹង Tesla ដែលរួមមានម៉ូដែល Toyota និង Lexus ប្រភេទអគ្គិសនីមួយចំនួន រូមទាំង Toyota SUV ថ្មីដែលនឹងដំឡើងនៅរោងចក្រផលិតរបស់ខ្លួនក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។ ខណៈការប្រើប្រាស់ជាផ្លូវការនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៥ តទៅ៕