(បរទេស)៖ ម្ចាស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X លោក Elon Musk កំពុងពិចារណាបិទដំណើរការបណ្តាញផ្សព្វផ្សាយរបស់ខ្លួននៅសហភាពអឺរ៉ុប ក្រោយពីទទួលបានសារព្រមានពីមន្ត្រីសហភាពអឺរ៉ុបទាក់ទងនឹងច្បាប់សេវាកម្មឌីជីថល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) ត្រៀមចូលជាធរមាននៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដែលតម្រូវឱ្យភ្លេតហ្វមបណ្តាញផ្សព្វផ្សាយសង្គមនានាអនុវត្តទៅការដាក់ចេញមួយចំនួនដែលសហភាពអឺរ៉ុបចាត់ទុកថាជាខ្លឹមសារខុសច្បាប់ដូចជា ពាក្យសំដីស្អប់ខ្ពើម ព័ត៌មានក្លែងក្លាយ រួមទាំងផ្តល់មុខងារសុវត្ថិភាពបន្ថែមដល់អ្នកប្រើប្រាស់ដើម្បីគ្រប់គ្រង់ទៅលើទិន្នន័យរបស់ពួកគេបន្ថែមទៀត។

យ៉ាងណាមិញប្រភពពីមនុស្សជិតស្និតរបស់ Musk បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយក៏ Musk នឹងមិនយល់ព្រមអនុលោមតាមការដាក់ចេញរបស់គណៈកម្មការសហភាពអឺរ៉ុបនោះដែរ។ ប្រសិនបើសហភាពអឺរ៉ុបនៅតែបង្ខំទៀតបណ្តាញផ្សព្វផ្សាយសង្គម X អាចនឹងបាត់វត្តមានរហូតទៅតែម្តង។

គួរជម្រាបដែរថា សារព្រមានពីសហភាពអឺរ៉ុបទៅកាន់ X បានធ្វើឡើងក្រោយមានការចែកចាយព័ត៌មានជាច្រើនទាក់ទងនឹងសង្រ្គាមនៅអ៊ីស្រាអ៊ែល ដែលមានរួមមានរូបភាពបាញ់គ្នាជាច្រើនដែលសហភាពអឺរ៉ុបចាត់ទុកថាជាព័ត៌មានមិនពិត និងបំផុសបំផុល៕