(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ដ៏ល្បី Netflix ចាប់ផ្តើមដំឡើងថ្លៃជាវបន្ថែមទៀតនៅ ទីផ្សារមួយចំនួនរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង។ ចំពោះគម្រោងបង់ប្រាក់ Premium គ្មានការផ្សាយពាណិជ្ជកម្មបានដំឡើងថ្លៃ ៣ដុល្លារបន្ថែមទៀតកើនដល់ ២២.៩៩ដុល្លារក្នុងមួយខែ ចំណែកឯគម្រោងបង់ប្រាក់ធម្មតាបានដំឡើងថ្លៃ ២ដុល្លារបន្ថែមទៀតកើនដល់ ១១.៩៩ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

បើទោះបីជា Netflix បានបន្តដំឡើងថ្លៃជាវរបស់ខ្លួនជាបន្តបន្ទាប់ក៏ដោយក៏ក្រុមហ៊ុនផ្តល់សេវាកម្ម Stream នេះនៅតែទទួលបានអតិថិជនកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ Netflix បានប្រកាសថា ខ្លួនទទួលបានអតិថិជនថ្មីសរុបចំនួន ៩លាននាក់ឯណោះនៅទូទាំងពិភពលោកគិតត្រឹមត្រីមាសទី៣ កន្លងទៅនេះ។ ទាំងនេះត្រូវបានគេរំពឹងថាទំនងជាដោយសារកត្តាមួយចំនួន រួមទាំងការបង្រ្កាបរបស់ក្រុមហ៊ុនលើការចែករំលែកពាក្យសម្ងាត់ និងលំហូរនៃកម្មវិធីថ្មីជាបន្តបន្ទាប់។

គួរជម្រាបដែរថា ក្រោយការប្រកាសដំឡើងថ្លៃរបស់ Netflix ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ ៣៩០.៨០ដុល្លា រក្នុងការបន្តការជួញដូរពីតម្លៃបិទ ៣៤៦.១៩ ដុល្លារក្នុងមួយហ៊ុន៕