(តូរីន)៖ ក្លិបបាល់ទាត់ Juventus នឹងផ្តល់ការគាំទ្រពេញទំហឹងដល់កីឡាករខ្សែបម្រើ Nicolo Fagioli ដែលកំពុងជាប់បម្រាម ៧ខែ និងពិន័យជាប្រាក់ ១២៥០០អឺរ៉ូផងដែរ ដោយសារល្មើសច្បាប់ពីបទជាប់ពាក់ព័ន្ធនឹងល្បែងភ្នាល់នាពេលកន្លងមក។

តាមរយៈសេចក្តីថ្លែងការណ៍របស់ Juventus ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានបញ្ជាក់ថា «Juventus សូមប្រកាសពីការគាំទ្រដល់ Fagioli ក្នុងករណីចាំបាច់ ក្រោយពេលក្លិបទទួលបានរបាយការណ៍ផ្លូវការពី សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC ពីការដាក់បម្រាមកីឡាករ Fagioli»

គួរបញ្ជាក់ផងថា Fagioli ត្រូវបានគេរកឃើញធ្លាប់បានផ្តល់ដំបូន្មានក្នុងការភ្នាល់ទៅលើវេបសាយខុសច្បាប់មួយចំនួន ដែលជាករណីខុសទៅបញ្ញតិ្តរបស់ UEFA និង FIFA ដែលបានចែង។

Fagioli ដែលចូលលេងបាន ៤៥ប្រកួតសម្រាប់សេះបង្កង់នោះ ស្ថិតក្នុងចំណោមកីឡាករច្រើនរូបទៀត ដែលកំពុងត្រូវបានស៊ើបអង្កេតករណីមានការជាប់ពាក់ព័ន្ធទៅនឹងល្បែងភ្នាល់ ក្នុងនោះដែរក៏មានកីឡាករ Sandro Tonali របស់ក្លិប Newcastle United និងកីឡាករខ្ចីជើងនៅក្លិប Aston Villa គឺ Nicolo Zaniolo ដែលសុទ្ធសឹងជាអតីតកីឡាករ Juventus ទាំងអស់ និងទើបដកឈ្មោះចេញពីក្រុមជម្រើសជាតិអ៊ីតាលីផងដែរ ក្រោយផ្ទុះរឿងនេះ៕