(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថា ជំនួបរវាងប៊ែលហ្សិក និងស៊ុយអែត ពុំត្រូវបានរៀបចំឡើងវិញទេ បើទោះបីជាការប្រកួតពុំបានចប់ចុងចប់ដើមកាលពីថ្ងៃចន្ទ ដោយសារការគំរាមកំហែងភេរវកម្ម នៅទីក្រុង Brussels ប្រទេសប៊ែលហ្សិក។

ការប្រកួតជម្រុះ Euro 2024 រវាងក្រុមទាំងពីរ បានដំណើរការបញ្ចប់វគ្គទី១ ជាមួយនឹងលទ្ធផលស្មើគ្នា ១-១ នៅមុនពេលអ្នកគាំទ្រជម្រើសជាតិស៊ុយអែត ២នាក់ត្រូវបានបាញ់សម្លាប់នៅក្រៅកីឡដ្ឋានដែលស្ថិតក្នុងរដ្ឋធានីប៊ែលហ្សិក មុនឈានដល់ការលុបចោលការប្រកួតសម្រាប់វគ្គទី២ តែម្តង។

នៅថ្ងៃនេះដែរ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ UEFA បានបញ្ជាក់ថា សហព័ន្ធបានសម្រេចចិត្តមិនរៀបចំការប្រកួតរវាងប៊ែលហ្សិក និងស៊ុយអែតឡើងវិញទេ ដោយបានចាត់ទុកថា លទ្ធផល ១-១ ជាលទ្ធផលចុងក្រោយតែម្តងក្នុងម៉ោងធម្មតា ៩០នាទី ហើយក្រុមទាំងពីរទទួលបាន ១ពិន្ទុដូចគ្នាផងដែរ។

យ៉ាងនេះក្តី ស៊ុយអែតនៅតែជាក្រុមមិនអាចឈានទៅជុំចុងក្រោយនៃ Euro 2024 នៅប្រទេសអាល្លឺម៉ង់បានដដែល ដ្បិតឈរនៅលេខរៀងទី៣ ជាមួយនឹង ៦ពិន្ទុប្រចាំពូល F គ្រាដែលប៊ែលហ្សិក និងអូទ្រីស ទទួលបានកៅអីម្នាក់មួយ ដើម្បីឡើងទៅវគ្គចែកពូល ២៤ក្រុមនាខែមិថុនាបាត់ទៅហើយ៕