(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញមហិច្ឆតាចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women's World Cup នៅឆ្នាំ២០៣៥។ នេះបើតាមសម្តីនាយកបច្ចេកទេសនៃក្រុមជម្រើសជាតិស្ត្រីអារ៉ាប៊ីសាអូឌីត ហើយត្រូវបានចុះផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ (Gulf) មួយនេះ ក៏បានដាក់ពាក្យស្នើសុំរួចរាល់ហើយ សម្រាប់ការដេញថ្លៃជាផ្លូវការ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ផ្នែកបុរសនៅឆ្នាំ២០៣៤ ផងដែរ។

«ខ្ញុំជឿជាក់ថា វានឹងមានអនាគតដ៏ភ្លឺស្វាង សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិស្ត្រី និងក្មេងស្រីនៅអារ៉ាប៊ីសាអូឌីត» នេះបើតាមសម្តីអ្នកស្រី Monika Staab បានលើកឡើងនៅក្នុងសន្និសីទ Leaders Week នៅកីឡដ្ឋាន Twickenham ស្ថិតក្នុងទីក្រុង London ចក្រភពអង់គ្លេស។

ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ហើយមិនទាន់បានប្រកួត ក្នុងព្រឹត្តិការណ៍ធំណាមួយនៅឡើយទេ។

ប្រសិនបើអារ៉ាប៊ីសាអូឌីត ចូលរួមដេញថ្លៃនោះ វានឹងប្រកួតប្រជែងគ្នាជាមួយនឹងចក្រភពអង់គ្លេស សម្រាប់ការដណ្តើមសិទ្ធិធ្វើម្ចាស់ផ្ទះ Women's World Cup ឆ្នាំ២០៣៥ ដ្បិតពួកគេក៏បានដាក់សំណើសុំសិទ្ធិធ្វើម្ចាស់ផ្ទះ AFC Women’s Asian Cup នៅឆ្នាំ២០២៦ ដែលជាគូប្រជែងជាមួយអូស្រ្តាលីដែរ៕