(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា ផលិតផល AirTag 2 ជំនាន់ថ្មីរបស់ Apple ដែលត្រៀមចូលផលិតកម្មដ៏ធំនៅឆ្នាំ២០២៤ ខាងមុខនេះ នឹងមិនលេចចេញរូបរាងទេ ដោយត្រូវពន្យាពេលបន្ថែមទៀតរហូតដល់ឆ្នាំ២០២៥ ឯណោះទើបចូលផលិតកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ជុំវិញមូលហេតុពន្យារពេលនេះលោក Kou ពុំបានផ្តល់ហេតុផលជាក់លាក់ណាមួយនោះឡើយ ប៉ុន្តែលោកបានលើកឡើងថា AirTag 2 នឹងជាផ្នែកមួយនៃប្រព័ន្ធ computing ecosystem ថ្មីដែល Apple កំពុងអភិវឌ្ឍន៍។ នេះបង្ហាញថា Apple អាចនឹងចំណាយពេលរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ AirTag 2 តាមរបៀបមួយដែលរួមបញ្ចូលវាយ៉ាងល្អជាមួយឧបករណ៍ផ្សេងទៀតនៅក្នុងប្រព័ន្ធ Ecosystem នេះ។

AirTags គឺជាឧបករណ៍ Tracker ដែលមានរូបរាងតូចច្រឡឹង និងមានទម្ងន់ស្រាល ដែលអាចភ្ជាប់ទៅនឹងវត្ថុផ្សេងៗដូចជា កាបូបលុយ ឬ រថយន្តដើម្បីតាមដានទីតាំងនៅពេលដែលត្រូវបានគេលួច ឬបាត់។ ឧបករណ៍នេះប្រើជាមួយនឹង Bluetooth ដើម្បីភ្ជាប់ទៅ iPhone ឬឧបករណ៍ផ្សេងទៀតតាមរយៈកម្មវិធី Find My ដើម្បីមើលទីតាំងផ្សេងៗរបស់ឧបករណ៍ទាំងនោះ។

យ៉ាងណាមិញបើយោងតាមពាក្យចចាមអារ៉ាមមួយចំនួនបានបង្ហាញថា AirTag 2 នៅពេលចេញលក់ជាផ្លូវការ អាចមានថាមពលថ្មយូរជាងម៉ូដែលមុន មានឧបករណ៍បំពងសម្លេងខ្លាំងជាងមុន និងការគាំទ្រសម្រាប់ការតាមដាន Ultra Wideband ថែមទៀតផង។ លើសពីនេះទៅទៀត AirTag 2 នឹងត្រូវឌីហ្សាញឡើងជាពិសេសដើម្បីឱ្យមានភាពធន់នឹងទឹក និងប្រើប្រាស់បានយូរ៕