(ប៊ែកឡាំង)៖ កីឡាករចាំទីចាស់វស្សា Manuel Neuer របស់ក្លិប Bayern Munich ទំនងជាបង្ហាញខ្លួនលើកដំបូងចំពេលក្រុមលេងមិនទាន់ចាញ់មួយនេះ ជួបគូប្រជែង Mainz 05 បន្ទាប់ពីសម្រាកព្យាបាលរបួសបាក់ជើង ១០ខែមកនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Channel News Asia បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ថា កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ បានអវត្តមានពីទីលាន បន្ទាប់ពីរងរបួសបាក់ជើងអំឡុងពេលជិះស្គីកម្សាន្តនៅថ្ងៃឈប់សម្រាកកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយអាល្លឺម៉ង់ធ្លាក់ចេញពីការប្រកួតជុំដំបូងនៃព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។

Neuer អាចនឹងត្រៀមលក្ខណៈរួចរាល់ សម្រាប់ការប្រកួតនារាត្រីថ្ងៃសៅរ៍ ទី២១ ខែតុលាស្អែកនេះ ជាមួយនឹងសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតរបស់ក្លិបបានបើកភ្លើងខៀវ សម្រាប់កីឡាករវ័យ ៣៧ឆ្នាំរូបនេះក្នុងការវិលត្រឡប់ទៅចូលរួមប្រកួតវិញ។

ក្លិបខ្លារខិន Bayern មិនទាន់បានធ្វើការអត្ថាធិប្បាយនៅឡើយនោះទេលើបញ្ហានេះ ស្របពេលកំពុងប្រើប្រាស់អ្នកចាំទីបម្រុងដែលមានបទពិសោធ៍ Sven Ulreich នារដូវកាលនេះ ហើយក៏បានចុះកិច្ចសន្យានាំយកកីឡាករវ័យ ២៣ឆ្នាំ សញ្ជាតិអ៊ីស្រាអែល Daniel Peretz កាលពីខែសីហាផងដែរ។

Unlreich បានជួយក្លិបមិនឲ្យមានគ្រាប់បាល់ចូលទីចំនួន ៣លើកនៃការប្រកួតនៅ Bundesliga នៅរដូវកាលនេះ និងលេងមិនចាញ់ឡើយក្នុងចំណោម ៧ប្រកួតក្នុងលីគ ក្រៅពីឈ្នះ៥ និងស្មើ២ ដោយរកបាន ១៧ពិន្ទុឈរនៅលេខ៣ បណ្តោះអាសន្ន ក្នុងនាមក្រុមការពារតំណែងជើងឯក៕