(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokia បានប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិករហូតដល់ ១៤,០០០នាក់ដែលជាផ្នែកនៃផែនការសន្សំសំចៃថ្មី បន្ទាប់ពីការលក់ក្នុងត្រីមាសទី៣ បានធ្លាក់ចុះខ្ទង់ ២០ភាគរយ ដោយសារការលក់ឧបករណ៍ 5G មានកំណើនយឺតនៅក្នុងទីផ្សារមួយចំនួន ដូចជាអាមេរិកខាងជើងជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក Pekka Lundmark នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia បាននិយាយថា ការកាត់បន្ថយការងារគឺចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងរយៈពេលវែងរបស់ក្រុមហ៊ុន។ លោកមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនចិន ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលនៃជំងឺកូវីដ-១៩។

Nokia មិនមែនជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលកំពុងប្រឈមមុខនឹងបញ្ហាខាតបង់ប្រាក់ចំណេញនោះទេ។ ជាក់ស្តែងនៅមានក្រុមហ៊ុនផ្សេងទៀតដូចជា Ericsson និង Huawei ក៏បានប្រកាសកាត់បន្ថយបុគ្គលិកនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។ ឧស្សាហកម្មទូរគមនាគមន៍កំពុងស្ថិតក្រោមសម្ពាធពីកត្តាមួយចំនួន រួមទាំងការធ្លាក់ចុះនៃទូរស័ព្ទលើតុ ការកើនឡើងនៃសេវាកម្មស្ទ្រីម និងការប្រកួតប្រជែងកើនឡើងពីក្រុមហ៊ុនចិន។

គួរជម្រាបដែរថា ការបញ្ឈប់បុគ្គលិកនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដ៏ធំបំផុតមួយគឺ Nokia ចង់ទាញយកប្រាក់ចំណេញមកវិញ។ Nokia គូសបញ្ជាក់ការកាត់បន្ថយបុគ្គលិកនឹងធ្វើឱ្យក្រុមហ៊ុនទប់ចំណាយបានខ្ទង់ ៤២០លានដុល្លារនៅឆ្នាំ២០២៤ និងបានខ្ទង់ ៣១៦លានដុល្លារនៅឆ្នាំ២០២៥ នឹងមានបំណងទាញយកប្រាក់ចំណេញឱ្យបានខ្ទង់ ១៤ភាគរយនៅឆ្នាំ២០២៦ ខាងមុខ៕