(ហាន់ចូវ)៖ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមបាល់បោះជិះរទេះនារីឡាវ ដោយលទ្ធផល ៦៥-៣៥ពិន្ទុ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុវិលជុំ នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៤ ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះ។

សម្រាប់វិញ្ញាសាបាល់បោះជិះរទេះនារី នៃព្រឹត្តិការណ៍កីឡាជនពិការប្រចាំទ្វីបអាស៊ីឆ្នាំនេះ គឺមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះចិន កម្ពុជា អ៊ីរ៉ង់ ជប៉ុន ឡាវ និងក្រុមថៃ។ ចំពោះលទ្ធផលបើកថ្ងៃនេះ ក្រៅពីកម្ពុជា យកឈ្នះក្រុមឡាវ គេឃើញក្រុមម្ចាស់ផ្ទះចិន បានយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧២-២៣ពិន្ទុ រីឯក្រុមជប៉ុន ត្រូវជួបក្រុមអ៊ីរ៉ង់ល្ងាចនេះ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់បោះជិះរទេះនារី បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតដំបូង នឹងបន្ដជួបក្រុមខ្លាំងជប៉ុននារសៀលថ្ងៃទី២០ ខែតុលាស្អែក មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន នាថ្ងៃទី២១-តុលា និងជួបក្រុមអ៊ីរ៉ង់ នាថ្ងៃទី២៤-តុលា ខណៈចុងក្រោយ ត្រូវជួបក្រុមថៃនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ សម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៦ ខែតុលា។

គួរដឹងថា ក្នុងបេសកកម្មប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Hangzhou នេះ កម្ពុជា បានបញ្ជូនអត្តពលិក ៦ប្រភេទកីឡាចូលរួមប្រកួត ក្នុងនោះមានអត្តពលិកជនពិការផ្នែកកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី ខណៈការប្រកួតប្រារព្ធពិធីបើកការប្រកួតផ្លូវការពីថ្ងៃទី២២-២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕