(ភ្នំពេញ)៖ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពុំមានការទាក់ទង ឬក៏ពិភាក្សាណាមួយឡើយជាមួយលោក Park Hang-seo អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម ក្នុងការមកដឹកនាំក្រុមបាល់ទាត់កម្ពុជា។

ថាថ្លែងបែបនេះ បន្ទាប់ពីមើលឃើញមានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការចរចារវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang-seo ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅលើបណ្ដាញសង្គមថ្មីៗនេះ។

ស.ប.ក ក៏សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយខុសពីការពិតខាងលើនេះដែរ។

យ៉ាងណាក៏ដោយ ការចុះផ្សាយខាងលើនេះ គាប់ជួនក្រុមគោព្រៃកម្ពុជា ទើបតែបរាជ័យក្នុងការស្វែងរកកៅអីលេងជុំទី២ នៃវគ្គជម្រុះ World Cup 2026 ដែលបានចាញ់ម្ចាស់ផ្ទះប៉ាគីស្ថាន ១-០ ក្នុងជើងទី២ កាលពីដើមសប្តាហ៍ ដ្បិតប៉ាគីស្ថានជាក្រុមដែលកម្ពុជាធ្លាប់បានយកឈ្នះទាំង ២ជើងកាលជម្រុះ World Cup 2022៕