(ញូវយ៉ក)៖ កីឡាករប្រដាល់ក្នុងទ្រុង Conor McGregor នឹងមិនរងទណ្ឌកម្មណាមួយឡើយ ពីបទចោទប្រកាន់ផ្លូវភេទនាអំឡុងខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមរដ្ឋអាជ្ញាអាមេរិកថ្លែងប្រាប់គេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក McGregor ត្រូវបានចោទប្រកាន់ពីករណីហឹង្សាផ្លូវភេទ ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ទឹក VIP នៃមជ្ឈមណ្ឌល Kaseya ស្ថិតក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ជាទីដែលកីឡាករប្រដាល់វ័យ ៣៥ឆ្នាំខាងលើនេះ បានទៅទស្សនា ព្រឹត្តិការណ៍បាល់បោះ វគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ ទី១៨ ខែតុលាម្សិលមិញនេះ អ្នកនាំពាក្យរដ្ឋអាជ្ញាអាមេរិកបានបញ្ជាក់ថា ពាក្យបណ្តឹងករណីចោទប្រកាន់នោះដែរ ត្រូវបានដកវិញហើយ ស្របពេលសន្តិសុខប្រចាំសណ្ឋាគារនោះបានទម្លាយថា ករណីកើតហេតុនៅទីតាំងខាងលើ គឺជាបុរសផ្សេងពុំមែនជា McGregor ទេ ដ្បិតកន្លងមកមេធាវីរបស់ McGregor តែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនោះជានិច្ច ពីសំណាក់កីឡាករអៀរឡង់។

ការជម្រះមន្ទិលសង្ស័យនេះ អាចធ្វើឲ្យ Conor McGregor ត្រឡប់មកកាន់សង្វៀន UFC ជាថ្មីឆាប់ៗនេះ ក្រោយពេលមានឈ្មោះក្នុងស្ថាប័ន Usada វិញផងដែរកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៕