(សៅប៉ូឡូ)៖ ខ្សែប្រយុទ្ធ Neymar អាចនឹងអវត្តមានចាប់ពី ៨ទៅ ១០ខែផងដែរ ដោយសារការវះកាត់សរសៃពួរ ACL ត្រង់ចំណុចជង្គង់ខាងឆ្វេង ដែលរងរបួសនាថ្ងៃអង្គារដើមសប្តាហ៍នេះ ក្នុងកាតព្វកិច្ចជួយជម្រើសជាតិប្រេស៊ីល ជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករពាក់លេខ១០ វ័យ ៣១ឆ្នាំខាងលើនេះ ត្រូវបានសែងចេញពីទីលានលាយឡំដោយទឹកភ្នែកផងដែរ ក្នុងប្រកួតដែលសាំបាប្រេស៊ីល ចាញ់ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយ ២-០ នៃវគ្គសន្សំពិន្ទុលើកទី៤ ជើងទី១ របស់ពួកគេកាលពីរាត្រីថ្ងៃអង្គារ ទី១៧ ខែតុលា។

ក្រោយពីចូលពេទ្យ Neymar ដែលកំពុងប្រកបអាជីពក្នុងក្លិប Al-Hilal របស់អារ៉ាប៊ីសាអូឌីតបានសរសេរបង្ហោះនៅលើ បណ្តាញសង្គម Instagram របស់ខ្លួនថា «វាគឺពេលដ៏អាក្រក់បំផុតសម្រាប់ខ្ញុំនាពេលនេះ។ ខ្ញុំដឹងថា ខ្ញុំគឺជាអ្នកខ្លាំង ក៏ប៉ុន្តែពេលនេះ អ្វីដែលខ្ញុំត្រូវការបំផុតនោះគឺ គ្រួសារ និងមិត្តភក្រ្ត»។

Neymar ដែលបានវ៉ាកំណត់ត្រាលោក Pele ក្លាយជាអ្នកស៊ុតច្រើនគ្រាប់ឲ្យប្រេស៊ីលតាំងពីខែមុននោះ តែងតែញាំញីទៅដោយបញ្ហារបួសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅពេលលេង World Cup តែម្តង តួយ៉ាងគឺបានអវត្តមាន ២ប្រកួតកាល World Cup 2022 នៅប្រទេសកាតា ក្រោយពេលរងរបួសក្នុងប្រកួតដែលប្រេស៊ីលយកឈ្នះស៊ែប៊ីនៅថ្ងៃបើកឆាក។

បន្ថែមលើនេះ Neymar ក៏បានរងរបួសបាក់ឆ្អឹងខ្នងផងដែរកាល World Cup 2014 ដែលបានខកខានជំនួបប្រេស៊ីលចាញ់អាល្លឺម៉ង់ ៧ទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងនោះ៕