(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង «សង្សារ១៤ថ្ងៃ» ដែលបានដកស្រង់ចេញពីស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល ដែលលោកបានយកចិត្តទុកដាក់សរសេរឡើង និងផលិតជាភាពយន្តដំបូងចេញពីសៀវភៅប្រលោមលោក ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរោងភាពយន្ត Major ផ្សារទំនើបអ៉ីអន១ ក្រោមវត្តមានផលិតករ, តារាសម្ដែង និងមហាជនជាច្រើននាក់។ ភាពយន្តរឿង «សង្សារ១៤ថ្ងៃ» ត្រូវបានមហាជនអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ នៅពេលបានទស្សនាក្នុងថ្ងៃចាក់បញ្ចាំងដំបូងថា សាច់រឿងល្អមើលខុសដាច់ពីប្រលោមលោក។

កវីនិពន្ធលោក សុខ ចាន់ផល បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ភាពយន្តនេះចំណាយពេលផលិតយូរ ហើយខ្ទង់ចំណាយក៏ច្រើន ដោយសារតែក្រុមការងាររបស់ ឥន្ទ្រិយហ្វីម មានគោលដៅរួមតែមួយ គឺសម្រិតសម្រាំងភាពយន្តដំបូងរបស់ខ្លួន ឲ្យក្លាយជាភាពយន្តមានគុណភាព និងទទួលបានទីផ្សារខ្ពស់។ ទោះក្រោយការថតបានបញ្ចប់ហើយ ក្រុមការងារបានចែកផ្លូវគ្នារៀងៗខ្លួន ដើម្បីរកបទពិសោធន៍ជីវិតថ្មីៗក៏ដោយ នៅ៥ឆ្នាំក្រោយដែលដល់វេលាបញ្ចាំងភាពយន្តនេះឡើង ពួកគេទាំងអស់គ្នា រួមទាំងតារាសម្ដែង បានវិលមកជួបគ្នាវិញម្ដងទៀត ដែលសមនឹងពាក្យថា «ជួបគ្នាជាថ្មីនៅពេលដែលខ្ញុំរឹងមាំ!»

លោកបានបន្តថា កន្លងមកលោកធ្លាប់សរសេរអត្ថបទភាពយន្តជាច្រើនរឿងដែរ ក៏ប៉ុន្តែសម្រាប់ផលិតភាពយន្តតែប៉ុណ្ណោះ។ ចំណែកឯរឿង «សង្សារ១៤ថ្ងៃ» នេះគឺលោកបានសរសេរ និងបោះពុម្ពផ្សាយជាប្រលោមលោកមុន ហើយទទួលបានការគាំទ្រខ្លាំងពីអ្នកអាន រហូតអាចឆក់យកចិត្តពួកគេឲ្យមកទស្សនាជាភាពយន្តបន្តទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺរឿងនេះគឺសម្បូរទៅដោយឃ្លាប្រយោគដ៏មានអត្ថន័យ និងមានតម្លៃអប់រំបង្កប់យ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីជីវិតស្នេហាគ្រាដំបូងរបស់តួអង្គស្រី ដែលទទួលរងនូវការឈឺចាប់ ប៉ុន្តែបទពិសោធន៍ដែលនាងទទួលបាន ក៏ប្រែក្លាយទៅជាជោគជ័យដ៏អស្ចារ្យមួយនៅក្នុងជីវិត ដោយនាងបានកែប្រែពីការឈឺចាប់ មកស្គាល់ខ្លួនឯងឲ្យកាន់ច្បាស់ រហូតនាងក្លាយទៅជានារីរឹងមាំ ទទួលបានផលតបស្នងនៃជីវិតមកវិញបានយ៉ាងប្រសើរ។

អ្នកនិពន្ធរូបនេះបានសង្កត់ធ្ងន់ថា ក្នុងនាមលោកជាអ្នកសរសេរប្រលោមលោក និងភាពយន្តនេះឡើង គឺលោកដឹងសាច់រឿង កន្លុកកន្លៀតរឿងអស់រួចហើយ។ លុះដល់ពេលផលិតរឿង ក៏បានទស្សនាតាមការកាត់តសាច់រឿងផ្សេងៗ ក៏លោកនៅតែទទួលបានអារម្មណ៍មួយបែប។ ដល់ពេលទស្សនាភាពយន្តនេះ នៅរោងភាពយន្តស្រាប់តែលោកទទួលបានអារម្មណ៍ប្លែកមួយទៀត ដែលនឹកស្មានមិនដល់។ ដូច្នេះហើយសម្រាប់លោកជាអ្នកនិពន្ធស្រាប់ គឺនៅតែទទួលបានអារម្មណ៍ប្លែកពីភាពយន្តនេះ ចុះទម្រាំអ្នកអានប្រលោមលោក និងអ្នកគាំទ្រមកទស្សនាដោយផ្ទាល់ នៅរោងភាពយន្តពេលបញ្ចាំងជាផ្លូវការទៀតនោះ លោកក៏នៅតែជឿថា គ្រប់គ្នានឹងទទួលបាននូវអារម្មណ៍ប្លែកពីភាពយន្តខ្មែរមួយនេះ មិនខុសពីរូបលោកដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ផ្ទៃរឿងក៏មានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា ដែលមហាជនធ្លាប់តែបានស្ដាប់នូវសំឡេង និងកាយវិការសម្ដែងខ្លះៗនៅក្នុងបទចម្រៀង ប៉ុន្តែនៅក្នុងពេលនេះ នាងក៏បានមកពញ្ញាក់អារម្មណ៍ហ្វេនៗជាថ្មីម្ដងទៀត តាមរយៈការសម្ដែងរឿង ក្រោយរយាលពីការងារសិល្បៈមួយរយៈពេលកន្លងមកនេះ។ ចំពោះប្លង់ថតទៀតសោត ផលិតករបានជ្រើសយកទីតាំងនៅខេត្តមណ្ឌលគិរី ភាគឦសាន្តនៃប្រទេសកម្ពុជា ជាមួយនឹងទិដ្ឋភាពដ៏ត្រកាល កាន់តែធ្វើឲ្យទស្សនីយភាពនៃរឿងកាន់តែត្រជាក់ភ្នែក។

សូមបញ្ជាក់ថា ភាពយន្តរឿង «សង្សារ១៤ថ្ងៃ» ក៏មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា កញ្ញា ស៊ឹម ស្រីនិច្ច, លោក ហូ សារៈ, លោក សាន់នី, លោក លី សុខណេត និងតារាសម្ដែងជាច្រើនរូបទៀត។ ក្រៅពីផ្ដោតចំពោះខ្លឹមសាច់រឿងជាភាពយន្ត បែបមនោសញ្ចេតស្នេហាស៊ីអារម្មណ៍ហើយនោះ ភាពយន្តដំបូងរបស់ផលិតកម្ម ឥន្ទ្រិយហ្វីម មួយនេះ ក៏បានលាយបញ្ចូលនូវឈុតឆាកកំប្លែង និងពញ្ញាក់អារម្មណ៍ឲ្យអ្នកទស្សនាភ័យរន្ធត់បានផងដែរ។ ភាពយន្ត «សង្សារ១៤ថ្ងៃ» នឹងដាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣នេះ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕