(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្ស Meta Platform បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមដាក់ដំណើរការមុខងារថ្មីមួយដែលមានឈ្មោះថា «Broadcast Channel» នៅលើភ្លេតហ្វមចំនួនពីររបស់ខ្លួនគឺ Facebook និង Messenger។ ខណៈមុខងារថ្មីនេះនឹងអនុញ្ញាតបុគ្គលសាធារណៈក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗអាចចែករំលែកសាររបស់ពួកគេទៅកាន់មនុស្សជាច្រើនឥតដែនកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

Meta កំពុងធ្វើតេស្តសាកល្បងទៅលើជម្រើសមុខងារជាច្រើននៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន។ ជាក់ស្តែងជុំវិញការប្រកាសចេញមុខងារ Broadcast Channel ថ្មីនេះត្រូវបានប្រភពឱ្យដឹងថា បានធ្វើឡើងស្របពេលដែលបណ្តាញផ្សព្វផ្សាយ Telegram ដែលជាគូប្រជែងដ៏ធំរបស់ខ្លួនបានដើរតួដ៏សំខាន់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាមធ្យោបាយចម្បងដែលក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនប្រើដើម្បីទំនាក់ទំនងជាមួយពិភពលោក។

យ៉ាងណាមិញចំពោះ Broadcast Channel នេះក៏មានមុខងារស្រដៀងទៅនឹងមុខងាររបស់ Telegram មួយចំនួនផងដែរ ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចែករំលែកសារទៅកាន់មនុស្សជាច្រើនឥតដែនកំណត់បើធៀបនឹងមុខងារ Group ដែល Facebook និង Messenger កំពុងដំណើរការបច្ចុប្បន្ន។ មុខងារទាំងនោះរួមមាន គាំទ្រការបង្ហោះអត្ថបទ រូបភាព ស្ទង់មតិ(polls) ប្រតិកម្ម(reactions) និងមុខងារជាច្រើនទៀត។

គួរជម្រាបដែរថា សម្រាប់មមុខងារថ្មីចុងក្រោយនេះ Meta ត្រៀមនឹងដាក់ចេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះតែម្តង៕