(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចំនួន ២៨នាក់ ស្មើនឹង ២៦វិញ្ញាសា ទៅចូលរួមការប្រកួតកីឡាកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ។

ប៉ុន្ដែមុនចេញទៅប្រកួត កីឡាករ-កីឡាការិនីលើវិញ្ញាសាចំនួន ៤ ត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមុនសិន ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញ សហព័ន្ធបានរៀបចំការប្រកួតជម្រុះនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីចម្រាញ់រកជើងខ្លាំង ក្នុងចំណោមអ្នកខ្លាំង ដើម្បីទទួលបានកៅអីតំណាងជាតិ ចូលរួមព្រឹត្តិការណ៍ពិភពលោក ក្នុងនោះមានវិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ៦០គីឡូក្រាម, ៥៧គីឡូក្រាម, ៥៤គីឡូក្រាម និងនារីទម្ងន់ ៥១គីឡូក្រាម ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ការប្រកួតជម្រុះរកអ្នកខ្លាំងនេះ ដោយសារក្នុងចំណោមកីឡាករជម្រើសជាតិ ពិសេសលើវិញ្ញាសាប្រយុទ្ធ ក្នុងប្រភេទទម្ងន់តែមួយ មានធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន យ៉ាងតិច ៥នាក់ក្នុងមួយវិញ្ញាសា ។ ដូច្នេះសហព័ន្ធចាំបាច់ត្រូវធ្វើបែបនេះ ដើម្បីផ្ដល់យុត្តិធម៌ សម្រាប់អ្នកខំប្រឹង និងមានសមត្ថភាពខ្ពស់ជាងគេ ចេញទៅប្រកួតអន្ដរជាតិ ដូចជាជើងឯកពិភពលោកនាពេលខាងមុខជាដើម ។

រីឯវិញ្ញាសាមួយចំនួនទៀត ដោយសមត្ថភាពកីឡាករ-កីឡាការិនី នៅមានកម្រិត ខុសឆ្ងាយពីកីឡាករ-កីឡាការិនី ដែលធ្លាប់មានបទពិសោធន៍ប្រកួតច្រើនដង និងធ្លាប់ឈ្នះមេដាយជាច្រើន ពួកគេនៅតែមានអាទិភាពដើម្បីចូលរួមការប្រកួតនេះ ។ ប៉ុន្ដែសម្រាប់វិញ្ញាសា ដែលមានកីឡាករ-កីឡាការិនីមានសមត្ថភាពប្រហាក់ប្រហែលគ្នាច្រើន ទោះបីធ្លាប់ចូលរួមប្រកួតអន្ដរជាតិ ឬឈ្នះមេដាយក៏ដោយ ក៏ត្រូវឆ្លងកាត់ការប្រកួតជម្រុះដូចគ្នា ។

ត្រឡប់មកចាប់អារម្មណ៍លទ្ធផល នៃការប្រកួតជម្រុះខាងលើវិញ សម្រាប់កីឡាករ-កីឡាការិនី ដែលនឹងត្រូវទទួលសំបុត្រយន្ដហោះទៅប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំ២០២៣ នៅវៀតណាម នាចុងឆ្នាំនេះ ជាមួយកីឡាករ-កីឡាការិនី ២៤នាក់ផ្សេងទៀត រួមមានវិញ្ញាសាប្រយុទ្ធបុរស កីឡាករ លាង ម៉េង ទម្ងន់ ៦០គីឡូក្រាម, កីឡាករ អ៊ុំ និមល ទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ផាន់ ហុងហ៊ីង ទម្ងន់ ៥៤គីឡូក្រាម និងកីឡាការិនី ហ៊ឹម ដាណេ ទម្ងន់ ៥១គីឡូក្រាម ៕