(មេនឆេស្ទឺ)៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Kalvin Phillips បានលើកឡើងថា លោកនឹង «ធ្វើការសម្រេចចិត្តមួយ» លើអនាគតរបស់លោកនាខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

Philllips បានជួបការលំបាក ដើម្បីចូលក្នុងក្រុម City ចាប់តាំងពីចុះកិច្ចសន្យាផ្ទេរមកពីក្លិប Leeds ដោយបានបង្ហាញខ្លួនត្រឹមតែ ៣លើកប៉ុណ្ណោះ ក្នុងលីគ Premier League នារដូវកាលនេះ។

បន្ទាប់ពីការចាប់ផ្តើមសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតឈ្នះ ៣-១ កាលពីថ្ងៃអង្គារលើគូប្រជែងអ៉ីតាលីនោះ លោកបានលើកឡើងថា «ខ្ញុំដឹងថា ខ្ញុំត្រូវការប្រកួត ហើយប្រកួតរៀងរាល់ចុងសប្តាហ៍។ ខ្ញុំនឹងធ្វើការសម្រេចចិត្តមួយលើអនាគតរបស់ខ្ញុំ នៅខែក្រោយ»

បើទោះបីជាខ្វះពេលវេលានៃការប្រកួតក្នុងកម្រិតក្លិប ចាប់តាំងពីការផ្ទេរក្នុងតម្លៃ៤៥លានផោនរបស់លោកកាលពីខែកក្កដា​ ឆ្នាំ២០២២ក្តី កីឡាករវ័យ២៧ឆ្នាំរូបនេះ នៅតែរក្សាបាននូវការពេញចិត្តពីសំណាក់អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate។

លោកបានចាប់ផ្តើមការប្រកួតជម្រុះ Euro 2024 កាលពីថ្ងៃអង្គារ ប៉ះនឹងអ៉ីតាលី នៅពេលអង់គ្លេសបានឈ្នះ ៣-១ និងបានកក់កៅអីមួយផងដែរ បើទោះបីមានចំនួន ២ទៀតដែលនៅសល់ទៀតក៏ដោយ៕