(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគ្រឹះស្ថានឧត្ដមសិក្សាកសិកម្មល្បីៗចំនួន ៣ ប្រចាំប្រទេសកម្ពុជា ក្នុងការបើកទ្វារស្វាគមន៍ ផ្ដល់ឱកាសការងារ និងការផ្លាស់ប្ដូរបទពិសោធន៍លំដាប់អន្តរជាតិ ជាមួយអ្នកជំនាញលំដាប់ពិភពលោក ជូននិស្សិតកសិកម្ម ដែលមានសមត្ថភាព។

ការបើកទ្វារសហការ ស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងន័យត្រៀមផ្ទេរ ចំណេះដឹង ជំនាញ ទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ៗ ពីក្រុមហ៊ុន ស្តង់ដារលំដាប់អន្តរជាតិ ខ្មែរ ប៊ែវើរីជីស ជាមួយនិស្សិតនៃសកលវិទ្យាល័យ ភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងវិទ្យាស្ថានជាតិ កំពង់ចាម ដោយមានវត្តមានរបស់ លោក គី ច័ន្ទរំដួល រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសក្ខីភាពនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថា ក្រុមហ៊ុន ដែលវិនិយោគដោយកូនខ្មែរមួយនេះ បាននឹងកំពុងប្ដេជ្ញា ដឹកដៃ ប្រកៀកស្មាជាមួយយុវជនខ្មែរជំនាន់ក្រោយ លើកមុខមាត់មាតុភូមិកម្ពុជា ក្នុងវិស័យផលិតភេសជ្ជៈឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ គិតមកទល់ពេលនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈរជើងយ៉ាងរឹងមាំ ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈខ្មែរ អស់រយៈពេលប្រមាណជាង ១៤ឆ្នាំ ដោយបានបង្កើតការងារដោយផ្ទាល់ជូនដល់យុវជនខ្មែរ និងបរទេស សរុបជាង ១ពាន់នាក់ ដែលកំពុងសកម្មការងារនៅក្នុងរោងចក្រ រួមផ្ដល់ទាំងការងារដោយប្រយោលនៅទូទាំងប្រទេសកម្ពុជា ប្រមាណជាង ២ម៉ឺននាក់ ថែមទៀតផង។ ឈរលើស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់បំផុត ខ្ញុំ មានសុទិដ្ឋិនិយមថា អនុស្សរណៈយោគយល់រវាងគ្រឹះស្ថានឧត្ដមសិក្សាកសិកម្មទាំង ៣ ជាមួយក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នាពេលនេះ នឹងបានផ្លែផ្កាត្រឡប់មកសង្គមជាតិកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ។

ការអះអាងប្រកបដោយចក្ខុវិស័យរយឆ្នាំទៅមុខ ពីថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅចំពោះមុខនិស្សិតនៃគ្រឹះស្ថានឧត្ដមសិក្សាកសិកម្មនា ក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស ស្របពេលដែលក្រុមហ៊ុន ផលិតភេសជ្ជៈឈានមុខនេះ បានបង្កើតកំណត់ត្រា ដូចជាវិញ្ញាបនបត្រ និងមេដាយមាស ពីស្ថាប័នលំដាប់អន្តរជាតិច្រើនជាងគេនៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមាន៖ ពាន់រង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management), វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់ ISO 9001: ក្នុងឆ្នាំ ២០១៥, វិញ្ញាបនបត្រ ISO 14001: បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងទទួលបានមេដាយមាសសរុប ចំនួន ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពស្តង់ដារកម្រិតពិភពលោក Monde Selection ថែមទៀតផង។

មូលហេតុទាំងអស់នេះហើយបានជារោងចក្រ ខ្មែរ ប៊ែវើរីជីស ហ៊ានបើកចំហរោងចក្រឱ្យសាធារណជនចូលទស្សនាសង្វាក់ផលិតកម្មទាំងមូល ដើម្បីឱ្យកាន់តែដឹងច្បាស់ពីប្រភពរបស់ផលិតផលដែលមានតាំងពីប្រភពគ្រឿងផ្សំ គ្រឿងចក្រ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីឱ្យអតិថិជនឃើញផ្ទាល់នឹងភ្នែកពីដំណើរការផលិតរបស់ផលិតផល និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការពិសាភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ដោយផ្ដោតលើផលិតភេសជ្ជៈ ដែលមានស្តង់ដារលំដាប់អន្តរជាតិ។ ដើម្បីចូលរួមជាចលកររួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ បានវិនិយោគទឹកប្រាក់អស់រាប់ពាន់លានដុល្លារ និងផ្ដល់ការងារដល់យុវជនខ្មែរ រាប់ម៉ឺននាក់ ឱ្យទទួលបានចំណេះដឹង និងសមត្ថភាពយ៉ាងពិតប្រាកដ លើការប្រើប្រាស់គ្រឿងចក្រទំនើបៗ ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយអ្នកជំនាញជាតិ និងអន្តរជាតិចែករំលែកបទពិសោធន៍ និងអនុវត្តន៍ផ្ទាល់ ផ្សារភ្ជាប់ជាមួយទ្រឹស្ដីដែលកូនខ្មែរបានរៀនជាមួយលោកគ្រូអ្នកគ្រូ ពីគ្រឹះស្ថានសិក្សា៕