(បរទេស)៖ អ្នកស្រាវជ្រាវទីផ្សារស្មាតហ្វូន Counterpoint បានបង្ហាញរបាយការណ៍ដាក់លក់ស្មាតហ្វូនសរុបនៅលើទីផ្សារសកល ដែលជាលទ្ធអត្រាលក់ស្មាតហ្វូនក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះស្ទើតែគ្រប់ក្រុមហ៊ុនផលិតស្មាតហ្វូនសុទ្ធសឹងតែធ្លាក់ចុះចំនួនលក់។ ជាក់ស្តែងជាលទ្ធផលបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុនបានធ្លាក់ចុះប្រមាណ ៨ភាគរយ ប៉ុន្តែបើធៀបនឹងត្រីមាសទី២ ឆ្នាំនេះបានកើនឡើងបន្តិចខ្ទង់ ២ភាគរយ ដោយសារការចេញលក់ស្មាតហ្វូនជំនាន់ថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយសម្រាប់ត្រីមាសទី៣ ដែលគិតចាប់ពីអំឡុងខែកក្កដា ដល់ខែកញ្ញាបានបង្ហាញថា Samsung នៅតែគ្រងដំណែងលេខ១ ដែលបានកាន់កាប់ចំណែកទីផ្សារ ២០ភាគរយជាមួយនឹងស្មាតហ្វូននាំមុខគេម៉ូដែល Galaxy A-series។ ចំណែកឯ Apple គ្រងដំណែងនៅចំណាត់ថ្នាក់លេខ២ ដែលបានកាន់កាប់ចំណែកទីផ្សារ ១៦ភាគរយ និង Xiaomi នៅចំណាត់ថ្នាក់លេខ៣ ជាមួយចំណែកទីផ្សារ ១២ ភាគរយ រីឯ Oppo ឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយចំណែកទីផ្សារ ១០ភាគរយ ខណៈដែល Vivo ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយចំណែកទីផ្សារ ៨ភាគរយ។

យ៉ាងណាមិញសម្រាប់ត្រីមាសទី៣ នេះមានតែ Honor, Huawei និង Transsion Group (Tecno, Infinix, itel) ប៉ុណ្ណោះដែលកើនឡើងចំនួនការលក់របស់ពួកគេ ប៉ុន្តែប្រភពពី Counterpoint មិនបានបង្ហាញនោះឡើយ។ បើទោះបីជាត្រីមាសកន្លងទៅនេះកើនឡើងតែ ២ភាគរយក៏ដោយ Counterpoint រំពឹងខ្ពស់ថា ត្រីមាសទី៤ បន្ទាប់តម្រូវការស្មាតហ្វូននឹងមានសន្ទុះឡើងវិញ ទាំងនេះក៏ដោយសារតែការប្រកាសចេញស្មាតហ្វូនថ្មីៗនឹងមកជាបន្តបន្ទាប់នៅលើទីផ្សារស្មាតហ្វូនសកល៕