(ភ្នំពេញ)៖ បច្ចុប្បន្ននេះ មានជនខិលខូចបានប្រើប្រាស់វិធីថ្មីៗជាច្រើនដូចជាបន្លំខ្លួន ក្លែងបន្លំ QR និងបង្កើតកម្មវិធីទូរស័ព្ទដែលផ្ទុកមេរោគជាដើម ដើម្បីបោកបញ្ឆោតទាញយកព័ត៌មានផ្ទាល់ខ្លួន និងគណនីធនាគាររបស់អ្នក ដូច្នេះអ្នកគួរតែដឹងពីគន្លឹះការពារខ្លួនដើម្បីជៀសឆ្ងាយពីជនឆបោកនានា និងប្រើប្រាស់គណនីធនាគារ ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ជាងមុន។

១៖ ព័ត៌មានពីគណនីធនាគារដែលមិនគួរចែករំលែក៖ ព័ត៌មានគណនីដែលអ្នកត្រូវតែការពារ និងមិនគួរចែករំលែកទៅកាន់អ្នកដទៃរួមមាន៖ លេខកូដគណនី លេខកូដកម្មវិធីទូរស័ព្ទ Chip Mong Bank App លេខកាត ១៦ខ្ទង់ លេខCVV ថ្ងៃផុតកំណត់របស់កាត លេខកូដកាត លេខកូដ OTP លេខកូដទទួលបានពីខាងធនាគារ និងព័ត៌មានលម្អិតពីគណនីផ្សេងៗទៀត។ អ្នកទាំងអស់គ្នាអាចចែករំលែកព័ត៌មានផ្សេងទៀតបានដូចជាលេខគណនី ឈ្មោះគណនី និង ជីប ម៉ុង QR ដើម្បីប្រើប្រាស់សម្រាប់ការទទួលប្រាក់ពីអ្នកដទៃ។

២៖ ប្រុងប្រយ័ត្នជាមួយការប្រើប្រាស់ QR ៖ មធ្យាយបាយក្នុងការទទួល/ផ្ញើប្រាក់តាមរយៈការស្គែន QR កំពុងពេញនិយមនៅលើទីផ្សារ ដោយសារភាពងាយស្រួលរបស់វាដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមិនបានប្រុងប្រយ័ត្ន ពីការក្លែងបន្លំ ឬលួចប្តូរ QR ទាំងនោះ។ ដើម្បីជៀសវាងពីហានិភ័យទាំងនោះម្ចាស់QR ទាំងអស់ត្រូវតែការពារ QR របស់ខ្លួន ដោយរក្សាទុកនៅកន្លែងមានសុវត្ថិភាព ជៀសជាងទុកនៅទីសាធារណៈចោល ដែលងាយនឹងត្រូវបានគេលួចក្លែងបន្លំ។

ម៉្យាងវិញទៀត ម្ចាស់QR ត្រូវពិនិត្យមើលប្រតិបត្តិការភ្លាមៗ ដើម្បីធានាថាពិតជាទទួលប្រាក់ពីគណនីដែលស្គែនតាម QR ពិតមែន។ ដោយឡែក អ្នកស្គែនផ្ញើប្រាក់តាមរយៈ QR ត្រូវតែពិនិត្យមើលលេខគណនី ឈ្មោះអ្នកទទួល និងចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវមុននឹងផ្ញើ ដើម្បីជៀសវាងការផ្ញើទៅកាន់គណនីខុសដោយមិនដឹងខ្លួន។

៣៖ កុំទាញយកកម្មវិធីទូរស័ព្ទដែលគ្មានប្រភពច្បាស់លាស់៖ កុំចុចលើតំណរភ្ជាប់ (Link) ឬ ដោនឡូតកម្មវិធីទូរស័ព្ទ ពីប្រភពមិនច្បាស់លាស់ ដោយសារភាគច្រើនវាអាចជាបន្ដំនៃមេរោគ ដែលងាយនឹងរីករាលដាលចូលទៅក្នុងទូរស័ព្ទ ឬកំព្យុទ័ររបស់អ្នក។ ជាពិសេសកម្មវិធីទូរស័ព្ទ និងតំណរភ្ជាប់លក់ទំនិញអនឡាញក្នុងតម្លៃទាប ឬបញ្ជុះតម្លៃច្រើន ដែលកំពុងព្យាយាមឆបោកឱ្យអ្នកចុចចូលមើល និងបញ្ជូលព័ត៌មានគណនីធនាគាររបស់អ្នក។ ប្រសិនជាអ្នកគិតថា អ្នកអាចនឹងបានដោនឡូតកម្មវិធីទូរស័ព្ទក្លែងក្លាយទាំងនោះ ត្រូវប្រញាប់លុបចោលភ្លាម។

៤៖ ប្រយ័ត្នជនឆបោកបន្លំខ្លួនជាធនាគារ៖ ជនខិលខូចមួយចំនួនទាក់ទងមកឆបោកតាមរយៈការបន្លំខ្លួនជាបុគ្គលិកធនាគារ ឬក្រុមហ៊ុនផ្សេងៗ ដើម្បីបញ្ឆោតសួរអ្នកពីព័ត៌មានគណនីសំខាន់ៗរបស់អ្នក។ ដូច្នេះអ្នកត្រូវប្រយ័ត្ននិងពិនិត្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មានផ្សេងៗ ជាពិសេសទាក់ទងទៅខាងធនាគារ ឬ ក្រុមហ៊ុនទាំងនោះដោយផ្ទាល់ដើម្បីបញ្ជាក់ ជៀសវាងការផ្តល់ព័ត៌មានទៅជនខិលខូច។

៥៖ តាមដានប្រតិបត្តិការហិរញ្ញវត្ថុជាប្រចាំ៖ ដើម្បីការពារគណនីធនាគាររបស់អ្នក ពីការលួច ឬប្រតិបត្តិការមិនប្រក្រតី និងដោះស្រាយបញ្ហាផ្សេងៗទៀតបានទាន់ពេលវេលា អ្នកត្រូវតែតាមដានមើលប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App របស់អ្នកជាប្រចាំ។

៦៖ ទាក់ទងទៅកាន់ធនាគារភ្លាមៗ៖ ទោះបីជាពេលណា នៅទីកន្លែងណានោះទេ ប្រសិនបើអ្នកឃើញមានប្រតិបត្តិការមិនប្រក្រតី បាត់ទឹកប្រាក់ពីគណនី ឬ បាត់ទូរស័ព្ទដៃជាដើម អ្នកត្រូវតែប្រញាប់ទាក់ទងទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជន (Call Center) របស់ធនាគារ ជីប ម៉ុង ដើម្បីឱ្យក្រុមការងារជួយដោះស្រាយបញ្ហាជូនអ្នកភ្លាមៗ តាមរយៈលេខទូរស័ព្ទ 081/066 811 911 ៕