(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter) កំពុងសាកល្បងគំរូជាវថ្មីមួយដែលមានឈ្មោះថា «Not A Bot» ដែលវានឹងតម្រូវឱ្យអ្នកប្រើប្រាស់បង់ថ្លៃ ១ដុល្លារក្នុងមួយឆ្នាំដើម្បីអាចចូលប្រើប្រាស់ជាមួយនឹងជម្រើសមុខងារជាច្រើន ថែមទាំងអាចកាត់បន្ថយសារឥតបានការថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

យោងតាមការជូនដំណឹងរបស់ X បានឱ្យដឹងថា «Not A Bot» បច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយនោះទេ។ ប្រសិនបើមុខងារថ្មីនេះឆ្លងកាត់ការសាកល្បងបានជោគជ័យនោះអ្នកប្រើប្រាស់ទាំងរបស់ X ដែលជាវមុខងារនេះនឹងទទួលបាន Feature ថ្មីៗជាច្រើន រួមទាំងអាចធ្វើការកែសម្រួល (Edit) នៅលើ Post ឬអាចលុប Post បានថែមទៀតផង។

ជុំវិញគោលបំណងដែលបង្កើតមុខងារថ្មីនេះ X បានបញ្ជាក់ថា គឺដើម្បីកាត់បន្ថយចំនួន bots និង spammers នៅលើភ្លេតហ្វមរបស់ខ្លួនក៏ដូចជាបន្ថែមសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ដែរថា «Not A Bot» នឹងត្រូវបាន X ដាក់ឱ្យប្រើប្រាស់ដំបូងគេនៅក្នុងប្រទេស នូវែលសេឡង់ និងហ្វីលីពីន ប្រសិនបើធ្វើតេស្តបានជោគជ័យ ចំណែកឯថ្លៃជាវវិញ នឹងត្រូវប្រែប្រួលតម្លៃឡើងចុះទៅតាមអត្រាប្តូរប្រាក់នៅតាមបណ្តាលប្រទេសនីមួយៗ៕