(អាមេរិកខាងត្បូង)៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ជួយក្រុមអាហ្សង់ទីន យកបានជ័យជម្នះទៅលើក្រុមប៉េរូ ២-០ ក្នុងប្រកួតទី៤ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 នៅតំបន់អាមេរិកខាងត្បូង ដោយបាននាំក្រុមបន្តឈ្នះនិងនៅឈរកំពូលតារាងរកបាន ១២ពិន្ទុ។

ស្ថិតក្នុងការប្រកួត Messi រកបាន ២គ្រាប់ម្នាក់ឯង ដោយធ្វើបាននៅវគ្គទី១ នៅនាទី៣២ និងនាទី៤២ ពីការរួមចំណែកបង្កើតឱកាសរកបានគ្រាប់ស៊ុតបញ្ចូលទីដោយមិត្តក្រុមកីឡាករ Nicolas Gonzales និង Enzo Fernandez ក្នុងប្រកួតដែលក្រុមអាហ្សង់ទីន ដឹកនាំដោយលោក Lionel Scaloni មានការគ្របគ្រង់ ៦០ភាគរយលើទីលាននៃកីឡដ្ឋាន Estadio Nacional។

តាមរយៈការរកបាន ២គ្រាប់បន្ថែមនេះរបស់ Messi ធ្វើឲ្យខ្សែប្រយុទ្ធដែលមកពីក្លិប Inter Miami ពេលនេះរកបាន ១១៩គ្រាប់ និង ៣១គ្រាប់ក្នុងវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង នាមជាជម្រើសជាតិអាហ្សង់ទីន និងកើនបាន ៣គ្រាប់នាំមុខគេស្មើជាមួយកីឡាករ Nicolas de La Cruz របស់ក្រុមអ៊ុយរូហ្គាយ ស្ថិតក្នុងវគ្គជម្រុះនេះជាបណ្តោះអាសន្ន និងនៅមានឱកាសរកបានគ្រាប់បាល់បន្ថែម ក្នុងវគ្គជម្រុះនេះដែលនៅសល់ ១៤ប្រកួតទៀត។

សម្រាប់វគ្គជម្រុះនេះ ក្រុមការពារតំណែងជើងឯក World Cup 2022 អាហ្សង់ទីន កំពុងនាំមុខគេរកបាន១២ពិន្ទុ ហើយក្រុមអ៊ុយរូហ្គាយ ក្រុមប្រេស៊ីល និងវ៉េណេស៊ុយអេឡា កំពុងមាន ៧ពិន្ទុស្មើគ្នាគិតត្រឹមលទ្ធផលប្រកួតទី៤ នៅតំបន់អាមេរិកខាងត្បូងនេះ៕