(ឡុងដ៏)៖ ក្រុមតោកំណាចអង់គ្លេស ទទួលបានកៅអីទៅជុំចុងក្រោយនៃការប្រជែងពានរង្វាន់អឺរ៉ុប Euro 2024 នៅទឹកដីអាល្លឺម៉ង់ ក្រោយពីបានវាយបកយកឈ្នះក្រុមអាសូរីអ៊ីតាលី ៣-១ ក្នុងវគ្គជម្រុះពូល C នៃប្រកួតទី៦ របស់ពួកគេ ជាមួយខ្សែប្រយុទ្ធ Harry Kane រកបាន ២គ្រាប់ក្នុងជ័យជម្នះលើគូសត្រូវចាស់នៅ Euro 2020។

អង់គ្លេស បានវាយបកផ្តួលក្រុមអ៊ីតាលី ៣-១ ក្នុងកីឡាដ្ឋាន Wembley ដឹកនាំដោយលោក Gareth Southgate ក្នុងយកឈ្នះទៅលើគូសត្រូវចាស់នេះចំនួន ២ប្រកួតជាប់គ្នានៃវគ្គជម្រុះ Euro 2024 ដែលធ្វើបានដោយកីឡាករ Harry Kane ២គ្រាប់នៅនាទី៣២ ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រ និងរកបាននៅនាទី៧៧ ដែលខ្សែប្រយុទ្ធ Rashford រកបាននៅនាទី៥៧ ដ្បិតអ៊ីតាលី បាននាំមុខ ១គ្រាប់មុនដោយកីឡាករ Scamacca នៅនាទី១៥។

តាមរយៈលទ្ធផលនេះ ក្រុមអង់គ្លេស រកបាន ១៦ពិន្ទុមិនដែលចាញ់ក្នុងវគ្គជម្រុះពូល C មានឱកាសឡើងវគ្គចែកពូល ទោះបីនៅសល់ ២ប្រកួតទៀត ដែលត្រូវប៉ះក្រុមម៉ាលតា និងម៉ាសេដូនីខាងជើង។

ខណៈក្រុមអ៊ុយក្រែន ឈរលេខ២ ក្នុងពូលរកបាន ១៣ពិន្ទុនៅមាន ១ប្រកួត ប៉ះក្រុមអ៊ីតាលី ដែលរកបាន ១០ពិន្ទុ ដើម្បីកំណត់ថាក្រុមណាអាចរកបានជ័យជម្នះឈានមកឈរលេខរៀងទី២ ក្នុងពូល C សម្រាប់ឱកាលទៅលេងនៅអាល្លឺម៉ង់នាឆ្នាំ២០២៤។

សូមជម្រាបផងថា ការរកបាន ២គ្រាប់របស់ Harry Kane បានធ្វើឲ្យរូបគេកើនគ្រាប់ស៊ុត ៦១គ្រាប់ជាមួយជម្រើសជាតិអង់គ្លេស ហើយកំពុងនាំមុខគេ ៧គ្រាប់ក្នុងវគ្គជម្រុះនេះ៕