(បរទេស)៖ ចំពោះអ្នកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp ដែលឧស្សាហ៍ភ្លេច Password លែងជាបញ្ហាទៀតហើយ ដោយថ្មីៗនេះ WhatsApp បានបញ្ចេញមុខងារថ្មីមួយជាប្រភេទ Passkey ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Logins ដោយពុំចាំបាច់ប្រើ Password។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TheVerge នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

WhatsApp កំពុងបញ្ចេញមុខងារថ្មីដំបូងគេដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp ទាំងអស់នៅលើប្រព័ន្ធដំណើរការ Android អាចធ្វើការ Login ដោយប្រើមុខងារស្កេនម្រាមដៃ ស្កេនមុខ (FaceID) និងផ្ទៀងផ្ទាត់លេខកូដតាមរយៈសារ SMS OTP ជំនួសវិញ។ ការធ្វើបច្ចុប្បន្នភាពមុខងារនេះនឹងបង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ WhatsApp ជាពិសេសពួក Hacker នឹងមិនអាចទាយលេខកូដ និងលួចចូលគណនី WhatsApp ណាមួយបាននោះឡើយ។

គួរជម្រាបដែរថា មុខងារ Passkey នៅលើ WhatsApp ត្រូវបានដាក់ឱ្យគាំទ្រតែនៅលើស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតរបស់ Android ប៉ុណ្ណោះ ចំពោះប្រតិបត្តិការ iOS នៅមិនទាន់ដាក់ឱ្យដំណើរការនោះទេ។ ដូច្នេះដើម្បីអាចដំណើរការមុខងារ Passkey បានអ្នកប្រើប្រាស់ Android ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបំផុតនៃកម្មវិធី និងបើក Passkey នៅក្នុង Setting ជាការស្រេច៕