(ម៉ាទ្រីដ)៖ ក្លិបអេស្ប៉ាញ Real Sociedad បានជួបការលំបាក ដោយសារខ្សែប្រយុទ្ធដ៏សំខាន់ សញ្ជាតិព័រទុយហ្គាល់ Andre Silva រងរបួសសាច់ដុំ ដែលទំនងជាត្រូវអវត្តមានរហូតដល់ការឈប់សម្រាកអន្តរជាតិខាងមុខ ពោលគឺក្នុងខែវិច្ឆិកា។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធរូបនេះ បានដកខ្លួនចេញពីការហ្វឹកហាត់នៅថ្ងៃចន្ទ បន្ទាប់ពីឈឺសាច់ដុំកំភួនជើងខាងស្តាំរបស់លោក ហើយក្លិបបានបញ្ជាក់ពីបញ្ហារបួសនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ។

«Andre Silva បានរបួសសាច់ដុំកំភួនជើងខាងស្តាំរបស់លោក ក្នុងការហ្វឹកហាត់កាលពីថ្ងៃម្សិលមិញ (ថ្ងៃចន្ទ)។ គាត់បានចាប់ផ្តើមការព្យាបាលដោយចលនា ហើយការវិលត្រឡប់ទៅការធ្វើសកម្មភាព នឹងមានការរីកចម្រើន អាស្រ័យលើលក្ខណៈនៃរបួស និងការវិវត្តន៍របស់ខ្លួន» ក្លិប Real Sociedad បានឲ្យដឹង៕