(អ៊ីស្លាម៉ាបាដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរបូតឱកាសឡើងជុំបន្ដ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ហើយ បន្ទាប់ពីរងបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី នៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះខាងលើ ធ្វើសម្រេចដោយកីឡាករ Harun Arrashid Fahhem Hamid នៅនាទី៦៨ បន្ទាប់ពីអ្នកចាំទី ហ៊ុល គឹមហ៊ុយ ព្យាយាមជួយសង្គ្រោះដែរ តែធ្វើមិនបានសម្រេច ។ ១គ្រាប់ម្ចាស់អាវលេខ១១ រូបនេះ បានជួយឲ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ទទួលបានកៅអីជុំទី២ នៃពានរង្វាន់ FIFA World Cup 2026 ស្របពេលក្រុមគោព្រៃកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ លើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីប្រកួតជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ នៅរាជធានីភ្នំពេញ ។

ជាមួយការបរាជ័យនេះ ក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមរបូតកៅអីជុំបន្ដ នៃពានរង្វាន់ FIFA World Cup 2026 នោះទេ តែក្រុមគោព្រៃ ក៏បានធ្លាក់ពីការប្រកួតជម្រុះជើងឯកអាស៊ី Asian Cup 2027 ផងដែរ៕