(ប៉េកាំង)៖ លោក Song Kai ត្រូវបានតែងតាំងជាប្រធានថ្មី នៃសមាគមបាល់ទាត់ចិន (CFA), នេះបើយោងតាមសារព័ត៌មានរដ្ឋចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលានេះ ចំពេលដែលមានការស៊ើបអង្កេតប្រឆាំងនឹងអំពើពុករលួយមួយ លើស្ថាប័នកីឡាបាល់ទាត់នេះ។

លោក Song ធ្លាប់បានធ្វើការងារជាប្រធានការិយាល័យកីឡា ខេត្ត Liaoning ហើយជាមួយគ្នានេះលោក Sun Wen, Yuan Yongqing, Yang Xu និង Xu Jiren ក៏ត្រូវបានតែងតាំងជាអនុប្រធាន CFA ខណៈរដ្ឋអាជ្ញាកំពូលចិន បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានចេញដីកាចាប់ខ្លួន អតីតអនុប្រធាន CFA លោក Du Zhaocai ដែលត្រូវបានគេសង្ស័យថា បានទទួលសំណូក។

កាលពីខែកញ្ញា ក្រុមអាជ្ញាធរ បានឲ្យដឹងថា ពួកគេបានចោទប្រកាន់អតីតប្រធាន CFA លោក Chen Xuyuan ជាមួយនឹងការប្រើប្រាស់តួនាទី និងសិទ្ធអំណាចរបស់ខ្លួនដើម្បី «ស្វែងរកផលប្រយោជន៍សម្រាប់អ្នកដទៃ និងទទួលយកទ្រព្យសម្បត្តិ និងកម្មសិទ្ធរបស់អ្នកដទៃ ដោយខុសច្បាប់»

សូមជម្រាបថា មន្ត្រីជាច្រើនរូប ដែលកំពុងធ្វើការក្នុងវិស័យបាល់ទាត់ចិន ត្រូវបានដាក់ក្រោមការស៊ើបអង្កេត ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន៕