(ក្លាសហ្គូ)៖ ក្លិបស្ថិតក្នុងប្រទេសស្កុតឡេន Rangers FC ដែលជាជើងឯកលីគ Scottish Premiership ចំនួន ៥៥សម័យកាល បានសម្រេចតែងតាំង លោក Philippe Clement ជាអ្នកចាត់ការថ្មីរបស់ពួកគេ ដោយជំនួសលោក Michael Beale ដែលត្រូវបានបណ្តាញចេញពីតួនាទី ។ នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នេះជាការងារគ្រូបង្វឹកថ្មីរបស់លោក Clement មានវ័យ ៤៩ឆ្នាំសញ្ជាតិប៊ែលហ្ស៊ិក បន្ទាប់ពីមិនមានការងារធ្វើនោះទេ ចាប់តាំងពីចាកចេញពីក្លិប Monaco កាលពីដើមឆ្នាំនេះ ដ្បិតរយៈពេលដឹកនាំក្រុម Rangers FC មិនទាន់បង្ហាញជាផ្លូវការនោះទេ។

លោក Michael Beale ដែលត្រូវបានបណ្តាញចេញពីតួនាទីនោះ បន្ទាប់ពីដឹកនាំក្រុមលេងចាញ់ចំនួន ៣ប្រកួត ក្នុងចំណោម ៧ប្រកួតដំបូងរបស់ពួកគេ ក្នុងលីគនៃរដូវកាលនេះ។

លោក John Bennett ប្រធានក្លិប Rangers បានលើកឡើងថា «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោក Philippe ដែលលោកបានក្លាយជាអ្នកចាត់ការទី១៩ របស់យើង»។

ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Clement ក្លិប Rangers FC នឹងប៉ះក្រុម Hibernian នៅកីឡដ្ឋាន Ibrox នាថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅជួបក្រុម Sparta Prague ក្នុងក្របខណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

ខណៈក្រុម Rangers FC នៅឈរលេខ២ ក្នុងតារាងដោយលេងបាន ៨ប្រកួតរកបាន ១៥ពិន្ទុ តាមពីក្រោយក្រុម Celtic ដែលកំពុងរកបាន ២២ពិន្ទុជាបណ្តោះអាសន្នចំណោម ១២ក្រុម ក្នុងលីគ Scottish Premiership រដូវកាលនេះ៕