(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន Toyota Motor បានជូនដំណឹងទៅសាធារណៈជនថា នឹងផ្អាកប្រតិបត្តិការផលិតរថយន្តចំនួន ៣ម៉ូដែលដែលក្នុងនោះរួមមានម៉ូដែល Minivans, Alphard និង Land Cruiser ដោយសារតែបញ្ហារោងចក្រផ្គង់ផ្គង់មួយកន្លែងត្រូវបានឆេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យ Toyota បានឱ្យដឹងថា ការផ្អាកសង្វាក់ផលិតកម្មនេះនឹងប៉ះពាល់ដល់រោងចក្រដំឡើងក្នុងស្រុកចំនួនពីរ គឺរោងចក្រ Toyota Auto Body និង Toyota Industries។ ជុំវិញមូលហេតុនេះ គឺដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយរបស់ Toyota ដែលមានឈ្មោះថា Chuo Spring ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីន និងសន្ទះបិទបើកសម្រាប់ប្រើនៅក្នុងរថយន្តបានជួបឧបទ្ទវហេតុឆេះនៅឯរោងចក្រ Fujioka របស់ខ្លួននៅវេលាម៉ោង ១២:១៥នាទីរំលងអាធ្រាតថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។

គួរជម្រាបដែរថា បញ្ហាផ្អាកសង្វាក់ផលិតកម្មនេះ Toyota នៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ថាតើពេលណាទើបបើកដំណើរការផលិតវិញ ខណៈពេលនេះទាំង Toyota និង Chuo Spring កំពុងរកដំណោះស្រាយ។ ចំណែកឯក្រុមប៉ូលីសកំពុងស៊ើបអង្កេតបញ្ហាឆេះរោងចក្រ៕