(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន LinkedIn ដែលជាបុត្រសម្ព័ន្ធរបស់ Microsoft បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៦៦៨នាក់បន្ថែមទៀត ខណៈការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣ផ្នែករួមមាន ផ្នែកវិស្វកម្ម ធនធានមនុស្ស និងគណនេយ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នេះគឺជាជុំទីពីរនៃការបញ្ឈប់ការងារសម្រាប់ក្រុមហ៊ុន LinkedIn នៅឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តកាលពីខែឧសភាក្នុងការកាត់បន្ថយបុគ្គលិកប្រមាណ ៧១៦នាក់។ តាមប្រសាសន៍របស់នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ការបញ្ឈប់បុគ្គលិកគឺចាំបាច់ដើម្បី «ធានាថាយើងមានទីតាំងល្អបំផុតសម្រាប់កំណើន និងភាពជោគជ័យរយៈពេលវែង»។ លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹង«ពន្យឺតល្បឿននៃការជួលបុគ្គលិកពេញមួយឆ្នាំតែម្តង»

គួរជម្រាបដែរថា ការបញ្ឈប់ការងារនៅ LinkedIn គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយសារក្រុមហ៊ុនកំពុងដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអតិផរណាកើនឡើង។ ដោយឡែកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រៅតែពី LinkedIn នៅមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដែលបានប្រកាសបញ្ឈប់បុគ្គលិកដែលក្នុងនោះរួមមាន Meta, Twitter និង Netflix ក៏សុទ្ធតែជួបវិបត្តិសេដ្ឋកិច្ចខ្លាំងផងដែរ៕