(បរទេស)៖ ប្រទេសស្ថិតនៅទ្វីបអាហ្រ្វិកគឺ អាល់ហ្សេរីបាននិយាយថា នឹងធ្វើជាម្ចាស់ផ្ទះជំនួសឲ្យប៉ាឡេស្ទីន ក្នុងការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិនានា និងបានសន្យាចេញថ្លៃក្នុងការចំណាយបញ្ហាដឹកនាំជញ្ជូន និងស្នាក់នៅសម្រាប់ប៉ាឡេស្ទីនថែមទៀតផង។

អាល់ហ្សេរី បានឯកភាពចំពោះសំណើពីប្រទេសដែលកំពុងមានបញ្ហាសង្រ្គាមជាមួយប្រទេសក្បែរខាងគ្នា អ៊ីស្រាអែល ដើម្បីធ្វើជាទីតាំងប្រកួតសំខាន់ៗ និងលេងជម្រុះ World Cup 2026 ប្រចាំទ្វីបអាស៊ី ដែលត្រូវប៉ះអូស្រ្តាលីនាខែវិច្ឆិកាចុងឆ្នាំនេះដែរ។

យ៉ាងនេះក្តី ការប្រកួតជើងទី១ ទល់នឹងលីបង់នាថ្ងៃទី១៦ ខែវិច្ឆិកា នឹងលេងនៅកីឡដ្ឋានស្ថិតក្នុងប្រទេសអារ៉ាប់រួម មុនពេលលេងជើងទី២ នឹងធ្វើឡើងនៅអាល់ហ្សេរីវិញ។

លោក Walid Sadi ប្រធានសហព័ន្ធបាល់ទាត់អាល់ហ្សេរីបានថ្លែងប្រាប់គេហទំព័រកីឡា BBC ថា «អាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះជួសឲ្យប៉ាឡេស្ទីនក្នុងប្រកួតផ្លូវការទល់នឹងអូស្រ្តាលីនាខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រកួតជម្រុះ World Cup 2026 និង Asian Cup 2027 នឹងធ្វើឡើងនៅទីនេះ»។

ការឯកភាពក្នុងការទទួលធ្វើម្ចាស់ផ្ទះសម្រាប់ប៉ាឡេស៊ី ពីសំណាក់អាល់ហ្សេរី ក៏ទាមទារឲ្យមានការយល់ព្រមពីសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ផងដែរ គ្រាដែលអ៊ីស្រាអែលដែលត្រៀមលេងវគ្គជម្រុះ Euro 2024 ទល់នឹងស្វីស និងកូសូវ៉ូ ក៏ទទួលបានការឯកភាពពីសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ក្នុងការលើកពេលដែរ៕