(បរទេស)៖ បច្ចខែលព័រទុយហ្គាល់ អតីតជើង Euro នៅឆ្នាំ២០១៦ បានរក្សាកំណត់ត្រាលេងឈ្នះ ១០០% ពេញតែម្តង តាមរយៈបំបាក់គូប្រជែងបូស្នៀទៀត ក្នុងប្រកួតទី៨ នៃវគ្គជម្រុះពានអឺរ៉ុប ជំនាន់ទី១៧ នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Roberto Martinez បានចូលដឹកនាំព័រទុយហ្គាល់ ក្រោយបញ្ចប់ World Cup 2022 តពីលោក Fernando Santos រៀបចំក្រុមបានយ៉ាងល្អ តាមរយៈលេង ៨ប្រកួតជម្រុះ Euro 2024 មិនចាញ់ឡើយ និងបានបំបាក់បូស្នៀ ៥ទល់នឹង០ ថែមទៀតផងដែរនាយប់មិញនេះក្នុងជើងទី២ ពីវគ្គសន្សំពិន្ទុប្រចាំពូល J។

ព័រទុយហ្គាល់ ដែលបានកក់កៅអីទៅ Euro 2024 ដោយស្វ័យប្រវត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន បានស៊ុតបញ្ចូលទីគូប្រកួតដល់ ៣២គ្រាប់ និងរបូតវិញតែ ២គ្រាប់ប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៨ប្រកួត ដោយឈរនៅកំពូលតារាងនៃពូល J ដាច់ផងដែរ គ្រាដែលប្រធានក្រុមរបស់ពួកគេគឺ Cristiano Ronaldo រកបាន ៩គ្រាប់មកហើយ ពីការចូលលេងបាន ៧លើក ក្នុងយុទ្ធនាការ ៤ឆ្នាំម្តងនេះ។

ក្នុងជ័យជម្នះ ៥-០ នោះដែរ ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Al-Nassr វ័យ ៣៨ឆ្នាំ ក៏បានប្រើពេលត្រឹម ២០នាទី ក្នុងការរកបាន ២គ្រាប់បើកឆាកទៀត និងកើនគ្រាប់ស៊ុតដល់ទៅ ១២៧គ្រាប់ហើយនាពេលនេះសម្រាប់ព័រទុយហ្គាល់ ជាមួយមិត្តរួមក្រុម Bruno Fernandes, Joao Cancelo និង Joao Felix រួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងវគ្គទី១ ទាំងអស់៕