(អ៊ីស្លាម៉ាបាដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 (ជុំទី១) ទល់នឹងក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន នាវេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ។

បន្ទាប់ពីប្រកួតស្មើគ្នា ០-០ ក្នុងជើងទី១ នៅរាជធានីភ្នំពេញ នេះគឺជាការប្រកួតកំណត់ជោគវាសនារបស់ក្រុមទាំងពីរ ក្នុងការស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ស្របពេលគ្រូបង្វឹកក្រុមទាំងពីរ ក្រៅពីបង្ហាញនូវការគោរពគ្នា ក៏មានទំនុកចិត្តក្នុងការដណ្ដើមជ័យជម្នះរៀងៗខ្លួនផងដែរ។

លោ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «ពួកយើងមើលឃើញថា ប៉ាគីស្ថានជាក្រុមដែលរៀបចំបានល្អ។ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួន ដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេសសំបូរដោយកីឡាករល្អៗ ហើយពួកគេមានភាគរយជាងយើង ព្រោះនេះជាការប្រកួតលើទឹកដីរបស់គេ។ ប៉ុន្ដែយើងក៏ត្រៀមខ្លួនហើយដូចគ្នា ក្នុងការប្រយុទ្ធ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»

ដោយឡែកគ្រូបង្វឹកប៉ាគីស្ថាន លោក Stephen Constantine វិញក៏បានថ្លែងស្រដៀងគ្នាចំពោះគូប្រជែងកម្ពុជាថា «ពួកយើងពិតជាត្រេកអរ ដែលបានធ្វើការប្រកួតនៅទឹកដីរបស់យើង ដែលខកខានធ្វើនៅទីនេះ (Jinnah) អស់រយៈពេល ៨ឆ្នាំរួចមកហើយ។ ខ្ញុំបានដឹងរួចមកហើយថា កម្ពុជាជាក្រុមមួយ ដែលមានច្បាប់ទម្លាប់រៀបចំបានល្អ ហើយការប្រកួតនេះ គឺជាការប្រកួតដ៏តានតឹងមួយសម្រាប់យើង និងកម្ពុជា ហើយយើងនឹងធ្វើឲ្យបានសម្រេចនូវលទ្ធផលមួយដែលល្អ»