(ប្រុចសែល)៖ ជំនួបប្រកួតបាល់ទាត់រវាងក្រុមបិសាចក្រហមប៊ែលហ្សិក ទល់នឹងស៊ុយអែត ត្រូវបានពន្យារពេល ក្រោយផ្ទុះអាវុធនៅទីក្រុង Brussels ក្បែរទីតាំងប្រកួតជម្រុះ Euro 2024 នារាត្រីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា អ្នកគាំទ្រខាងក្រុមភ្ញៀវស៊ុយអែត ២នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង Brussels គ្រាដែលការប្រកួតបានបញ្ចប់វគ្គទី១ ក្នុងលទ្ធផលបណ្តោះអាសន្ន ១-១ ដោយត្រូវបានគេសង្ស័យថា អាចបង្កជាភេរវកម្មផងដែរ នៅមុនពេលការប្រកាសពន្យារប្រកួតត្រូវបានធ្វើឡើងនាម៉ោង ២១៖៣០នាទីយប់ (ម៉ោងក្នុងតំបន់)។

ភ្លាមៗនោះដែរ អ្នកគាំទ្រ និងកីឡាករត្រូវបានបញ្ជាឲ្យនៅក្នុងកីឡដ្ឋាន King Baudouin ជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព មុនពេលត្រូវជម្លៀសចេញនាម៉ោងជិត ១១យប់ថ្ងៃដដែល ដ្បិតក្រុមកីឡាករស៊ុយអែតត្រូវការពារដោយប៉ូលីសធ្វើដំណើរទៅព្រលានយន្តហោះផងនោះ។

ប្រធានក្រុមស៊ុយអែត កីឡាករ Victor Lindelof បានថ្លែងថា «ប៊ែលហ្សិកបានកក់កៅអីទៅ Euro 2024 រួចស្រេចហើយ នៅពេលពួកយើងបានបាត់បង់ឱកាសនេះដែរ ហើយក៏គ្មានហេតុផលប្រកួតឡើងវិញដែរ»