(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Qualcomm ប្រកាសបញ្ឈប់បុគ្គលិកចំនួន ១,២៥៨នាក់នៅរោងចក្រពីរកន្លែងរបស់ខ្លួនដែលមានទីតាំងស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា ខណៈការបញ្ឈប់នេះបានចាប់ផ្តើមចាប់តាំងពីខែសីហាមកម្លេះ និងមានរយៈពេលរហូតដល់ថ្ងៃទី១៣ ខែធ្នូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

Qualcomm មានបុគ្គលិកសរុបប្រមាណ ៥១,០០០នាក់នៅទូទាំងសាខាផលិតទាំងអស់របស់ខ្លួន ចំណែកឯការបញ្ឈប់នេះគឺ ស្មើនឹង ២.៥ភាគរយនៃចំនួនបុគ្គលិកសរុប។ តាមរយៈការចេញផ្សាយបានឱ្យដឹងថា ទីតាំងរោងចក្រទាំងពីរកន្លែងរបស់ Qualcomm ដែលប៉ះពាល់ដល់ការបញ្ឈប់បុគ្គលិកនោះរួមមាន ការល័យកណ្តាល ឬរោងចក្រកណ្តាល San Diego នឹងប៉ះពាល់ដល់បុគ្គលិកចំនួន ១,០៦៤នាក់ និងរោងចក្រនៅ Santa Clara នឹងប៉ះពាល់ដល់បុគ្គលិក ១៩៤នាក់។

គួរជម្រាបដែរថា មូលហេតុដែល Qualcomm បញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច ដែលកំពុងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន នឹងកំពុងបាត់ចំណូលជាបន្តបន្ទាប់ នឹងបានបង្ខំចិត្តឱ្យ Qualcomm កាត់បន្ថយបុគ្គលិកដើម្បីទប់ចំណាយ៕