(ខាឌីស)៖ ៣ពិន្ទុដ៏សំខាន់ក្នុងដីសម្រាប់វ៉េល ទៅលើគូប្រជែងក្រូអាតក្នុងលទ្ធផល ២-១ គឺដើម្បីបន្តដង្ហើមប្រជែងកៅអី ទៅលេងពានអឺរ៉ុប Euro 2024 លើកទី១៧ នៅប្រទេសអាល្លឺម៉ង់ទៀត មុនពេលបញ្ចប់ ២ប្រកួតសន្សំពិន្ទុប្រចាំពូល D។

កីឡាករដែលត្រូវបានជ្រើសរើសចេញពីក្លិប Fulham គឺ Harry Wilson ដែលចូលលេងលើកទី៥០ ក្នុងក្រុមជម្រើសជាតិវ៉េលផងនោះ រកបានទាំង ២គ្រាប់ជ័យជម្នះតែម្តងនាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Cardiff ដើម្បីមាន ១០ពិន្ទុស្មើជាមួយក្រុមលេខ៣ ក្រូអាត បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតដូចគ្នា ដ្បិតតួកគីបានកក់កៅអីទៅជុំចុងក្រោយរួចរាល់ ជាមួយនឹង ១៦ពិន្ទុនាំមុខកំពូលតារាងដាច់។

វ៉េល ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពី Euro 2016 នៅប្រទេសបារាំង ត្រូវតែយកឈ្នះគូប្រជែងអាមេនី និងតួកគីក្នុង សម្រាប់ ២ប្រកួតនៅសល់នាខែវិច្ឆិកាចុងឆ្នាំនេះ ក្នុងការធានាកៅអីទៅលេងនៅអាល្លឺម៉ង់ឆ្នាំ២០២៤ ដោយមិនចង់ឆ្លងកាត់ជម្រុះជុំទី២ ទៀតដូចកាលជម្រុះ World Cup កាលពីឆ្នាំទៅឡើយ។

វ៉េល មិនធ្លាប់បង្ហាញខ្លួនជុំចុងក្រោយនៅ World Cup បានឡើងមកលេងវគ្គចែកពូល Euro ចំនួន ២លើកពោលគឺនៅឆ្នាំ២០១៦ និងឆ្នាំ២០២០ ដោយបានចាញ់ក្រុមជើងឯកព័រទុយហ្គាល់ នៃវគ្គ ៤ក្រុម និងចាញ់វគ្គ ១៦ក្រុមក្រោមថ្វីជើងដាណឺម៉ាក៕