(បរទេស)៖ ទីបំផុតអាជ្ញាធរប្រកួតប្រជែង និងទីផ្សាររបស់ចក្រភពអង់គ្លេស (CMA) បានបើកភ្លើងខៀវអនុញ្ញាតឱ្យកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនហ្គេមរវាង Microsoft និង Activision Blizzard ដែលមានតម្លៃ ៦៨.៧ពាន់លានដុល្លារអាចដំណើរទិញយកបានហើយ ក្រោយចំណាយពេលទៅលើកិច្ចចរចារជាងមួយឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ត្រឡប់ទៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន Microsoft បានប្រកាសទិញយកក្រុមហ៊ុនហ្គេម Activision Blizzard ក្នុងតម្លៃដ៏ខ្ពស់ដែលជាកិច្ចព្រមព្រៀងទិញយកដ៏ធំបំផុតនៅក្នុងឧស្សាហកម្មហេ្គម។ តែយ៉ាងណាកិច្ចព្រមព្រៀងនេះមិនបានសម្រេចដូចការគ្រោងទុកនោះឡើយ ដែលត្រូវបានរារាំងដោយ CMA ក្នុងអំឡុងខែមេសា ឆ្នាំ២០២២ ជុំវិញការព្រួយបារម្ភថា វានឹងផ្តល់សិទ្ធិឱ្យ Microsoft គ្រប់គ្រងនៅលើទីផ្សារហ្គេម Cloud ច្រើនពេក។

ប៉ុន្តែក្រោមលក្ខខណ្ឌរបស់ CMA ក្រុមហ៊ុន Microsoft បានយល់ព្រមលក់សិទ្ធផ្សាយរបស់ Activision ទៅឱ្យ Ubisoft Entertainmen ដែលដោះស្រាយកង្វល់របស់ CMA នោះ តាមរយៈរបាយការណ៍ចុងក្រោយនេះបង្ហាញថា ឧបសគ្គដែលបានតឹងសសៃកដាក់គ្នាកន្លងមកត្រូវបានដោះស្រាយហើយ។

គួរជម្រាបដែរថា ការយល់ព្រមពីសំណាក់ CMA លើកិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ Microsoft ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចទិញយក Activision Blizzard និងក្លាយជាក្រុមហ៊ុនហ្គេមធំជាងគេទី៣ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុនផលិតហ្គេមយក្ស Tencent និង Sony៕