(បរទេស)៖ សេណេហ្គាល់ ក្រុមការពារតំណែងជើងឯក ត្រូវបានចាប់ពូលស្ថិតនៅជាមួយក្រុមខ្លាំងកាមេរូន គ្រាដែលនីហ្សេរីយ៉ា ត្រូវប៉ះក្រុមម្ចាស់ផ្ទះកូដឌីវ័រ នៃវគ្គចែកពូលពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2023 បន្ទាប់ពីត្រូវបានពន្យារពេល ១ឆ្នាំ។

តាមប្រតិទិន ពានគម្រប់ធ្វើ ២ឆ្នាំម្តងនេះ ត្រូវធ្វើឡើងនៅឆ្នាំ២០២៣ នាអំឡុងខែមិថុនា ដល់ខែកក្កដា ក៏ប៉ុន្តែវិបត្តិកូវីដ-១៩ និងបញ្ហាភ្លៀងធ្លាក់ខ្លាំងនាអំឡុងខែខាងលើនេះនៅកូដឌីវ័រ ទើបជំរុញឲ្យសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាហ្វ្រិក CAF លើកយកមកប្រកួតនៅខែមករា ឆ្នាំ២០២៤ វិញ ដោយមាន ២៤ក្រុម (ប្រទេស) ចូលរួម។

តែយ៉ាងណា ការប្រកួតនៅឆ្នាំ២០២៤ ក៏នៅតែរក្សាការប្រកួតផ្លូវការក្នុងឆ្នាំ២០២៣ ដដែល ដូចកាលពានអឺរ៉ុប Euro 2020 ដែលត្រូវបានលើកមកប្រកួតនៅឆ្នាំ២០២១ ដែរ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចគ្នា។

កីឡដ្ឋាន Alassane Ouattara ស្ថិតក្នុងទីក្រុង Abidjan ត្រូវបានជ្រើសរើសសម្រាប់ប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាលទ្ធផលចាប់ពូលទាំង ២៤ក្រុម ស្មើនឹង ៦ពូល៖
ពូល A: នីហ្សេរីយ៉ា អ៉ីខ្វលរៀលហ្គីណេ ហ្គីណេប៊ីសាវ និងម្ចាស់ផ្ទះកូដឌីវ័រ
ពូល B: ហ្គាណា ខាពីវើត ម៉ូសាំប៊ី និងជើងឯករង អេហ្ស៊ីប
ពូល C: កាមេរូន ហ្គីណេ ហ្គាំប៊ី និងក្រុមការពារជើងឯក សេណេហ្គាល់
ពូល D: អាល់ហ្សេរី ប៊ូហ្គីណេហ្វាសូ ម៉ូរីតានៀ និងអង់ហ្គូឡា
ពូល E: ទុយណេស៊ី ម៉ាលី អាហ្រ្វិកខាងត្បូង និងណាមីប៊ី
ពូល F: ម៉ារ៉ុក កុងហ្គោ ហ្សមប៊ី និងតង់សានី៕