(បរទេស)៖ ម៉ាដូណា បានចាប់ផ្តើមដំណើរតន្ត្រីទេសចរណ៍ «Celebration» របស់នាងនៅទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយនឹងការសម្តែងដែលបង្ហាញពីថាមពលមន្តស្នេហ៍ និងចំណង់ចំណូលចិត្តផ្នែកតន្ត្រី ស្របពេលដែលតារារូបនេះមានបញ្ហាសុខភាពធ្ងន់ធ្ងរកាលពីមួយរយៈមុន។ ការប្រគំតន្ត្រីនេះ គឺធ្វើឡើងជាការអបអរសាទរខួបរយៈពេល៤ទសវត្សរ៍ នៃព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍របស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ការសម្តែងរបស់តារាស្រីវ័យ៦៥ឆ្នាំរូបនេះ ត្រូវបានធ្វើឡើងជាលើកដំបូង បន្ទាប់ពី Madonna ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយឆ្លងបាក់តេរីធ្ងន់ធ្ងរ កាលពីខែកក្កដាកន្លងទៅ។ តាមរយៈការសម្តែងលើកនេះ តារាចម្រៀង Madonna បាននិយាយថា ខ្លួនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអាចមានលទ្ធភាពបានឡើងសម្តែង ទៅកាន់អ្នកគាំទ្រនៅពេលនេះ។

គួរជម្រាបថា Madonna ត្រូវបានគេដឹងថា គ្រោងនឹងចាប់ផ្តើមដំណើរទេសចរណ៍ជុំវិញពិភពលោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីក្រុង Vancouver ដោយបញ្ចប់នៅទីក្រុង Amsterdam ក្នុងខែធ្នូ។ កំពូលតារាប៉ុបរូបនេះ បានសម្រេចពន្យារពេលដំណើរប្រគំតន្រ្តីទេសចរណ៍របស់ខ្លួនភ្លាមៗ បន្ទាប់ពីត្រូវបានបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យ តាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ក្រោយឆ្លងបាក់តេរីធ្ងន់ធ្ងរម្យ៉ាង។​ ម្ចាស់ជយលាភី Grammy ប្រាំពីរសម័យកាលរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាម្ចាស់បទល្បីៗ រួមមាន «Like A Virgin» និង «Material Girl» ក្នុងរយៈពេលជាង ៤ទសវត្សរ៍មកហើយ៕