(ភ្នំពេញ)៖ ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា បានចេញដំណើរទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន ដែលមានប្រភេទកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី ដោយបានចេញដំណើរនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ហើយក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ ខណៈចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗ ដូចៗគ្នា។

សូមជម្រាបផងថា ក្រុមកីឡាបាល់បោះជិះរទេះជនពិការផ្នែកនារីកម្ពុជា គឺធ្លាប់បានឈ្នះមេដាយមាស លើវិញ្ញាសា ៣ទល់៣ និងមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥នាក់ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រលើកដំបូង។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម (ASIAN Para Games) លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន និងបើកដំណើរការប្រកួតនៅថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ៕