(បរទេស)៖ ចាប់តាំងពីត្រកូល iPhone 15 ចេញជាលក់ជាសកល និងទទួលបានការគាំទ្រខ្លាំង មួយរយៈចុងក្រោយនេះក៏មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងត្រកូល iPhone 16 វិញម្តង។ តាមការលើកឡើងថ្មីៗនេះបានឱ្យដឹងថា ត្រកូល iPhone 16 នឹងទទួលបានការអាប់ដេតសមត្ថភាពខ្លាំងជាងមុន ជាមួយនឹងការបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយបង្អស់ពី Qualcomm និងអ៊ីនធឺណិតល្បឿនលឿន Wi-Fi 7 ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ប្រភពពីអ្នកវិភាគស្មាតហ្វូនដ៏ល្បីឈ្មោះលោក Jeff Pu បានចេញរបាយការណ៍វិភាគទៅលើស្មាតហ្វូនទាំង ៤ម៉ូដែលរបស់ Apple សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយលោកបានឱ្យដឹងថា ចំពោះម៉ូដែល iPhone 16 Pro/ Pro Max នឹងត្រូវបានផ្លាស់ប្តូរទៅលើសមត្ថភាព ក៏ដូចជាមុខងារច្រើនក្នុងនោះរួមមាន ការបំពាក់ដោយបន្ទះឈីប Snapdragon X 75 ជំនាន់ចុងក្រោយពីក្រុមហ៊ុន Qualcomm និង Wi-Fi 7 ដែលអាចដំណើរការនៅលើបណ្តាញ 5G បានកាន់តែលឿនជាងមុន បើធៀបនឹង iPhone 15 Pro/ Pro Max ប្រើប្រភេទបន្ទះឈីប Snapdragon X 70 និងល្បឿនអ៊ីនធឺណិត Wi-Fi 6e។

ចំណែកឯ iPhone 16 និង iPhone 16 Plus វិញនឹងត្រូវបានបំពាក់ដោយបន្ទះរបស់ iPhone 15 Pro/ Pro Max គឺម៉ូដែល A17 Pro ជាមួយនឹងអាប់ដេតទៅ Wi-Fi 6e ប៉ុន្តែនឹងនៅរក្សារូបរាងដូចដើមទៅនឹង iPhone 15/ 15 Plus ក៏ដូចជាទម្រង់កាមេរ៉ាដូចគ្នា។

គួរជម្រាបដែរថា iPhone 16 Pro/ Pro Max ក៏នឹងត្រូវបានបំពាក់ដោយថាមពលថ្មខ្លាំងជាងមុនផងដែរ ជាពិសេសសម្រាប់លេងហ្គេមនឹងដំណើរការបានកាន់តែល្អជាងមុន។ សរុបមកវិញ សម្រាប់ត្រកូល iPhone 16 ទាំង ៤ម៉ូដែលនេះលោក Jeff Pu អះអាងថា នឹងនៅបន្តធ្វើបច្ចុប្បន្នភាពមុខងារពិសេសបន្ថែមទៀត ដោយប៉ុន្មានចំណុចនេះគឺជាការរំពឹងទុកដំណាក់ដំបូងរបស់លោក៕