(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ និងស្កុតឡេន បានកក់កៅអីដោយស្វ័យប្រវត្តិហើយ ក្នុងការឈានទៅលេងជុំចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ ដោយផ្តល់ការខកចិត្តដល់ន័រវេសដែលមានកីឡាករសំខាន់ Erling Haaland។

ការរកបាន ៣ពិន្ទុនៅទីក្រុង Oslo ក្នុងលទ្ធផលឈ្នះក្រុមភ្ញៀវន័រវេស ១-០ នាយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករ Gavi នោះ បានជួយអេស្ប៉ាញឈរនៅកំពូលតារាងនៃពូល A ជាមួយនឹង ១៥ពិន្ទុស្មើក្រុមលេខ២ ស្កុតឡេនផងដែរ ខុសគ្នាតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ ដ្បិតនៅសល់ ២ប្រកួតសន្សំពិន្ទុក្នុងពូលទៀតដូចគ្នា។

យ៉ាងនេះក្តី ស្កុតឡេនបានឈានទៅលេងជុំចុងក្រោយនៅ Euro ជាលើកដំបូងសម្រាប់ពួកគេផងដែរ ក្រោយរង់ចាំអស់ ២៦ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៧ មក នៅពេលន័រវេសបង្ហាញខ្លួនក្នុងពាន ៤ឆ្នាំម្តងនេះចុងក្រោយនាឆ្នាំ២០០០ ជាមួយនឹងឱកាសស្តួចស្តើងនៃការប្រជែងតំណែងក្រុមលេខ៣ ល្អបំផុត ដើម្បីទៅអាល្លឺម៉ង់នឹងគេដែរ។

នេះមានន័យថា ស្កុតឡេន និងអេស្ប៉ាញ បានចូលរួមជាមួយបារាំង ព័រទុយហ្គាល់ ប៊ែលហ្សិក និងតួកគី ក្នុងការឡើងទៅលេងវគ្គចែកពូល ២៤ក្រុមនៃ Euro 2024 លើកទី១៧ នៅប្រទេសអាល្លឺម៉ង់នាអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខ៕