(បរទេស)៖ ស្មាតហ្វូនអេក្រង់បត់ Oppo Find N3 Flip ដែលចេញលក់នៅក្នុងទីផ្សារប្រទេសចិនកាលពីខែសីហាកន្លងទៅនេះកំពុងត្រៀមខ្លួនចេញលក់ជាសកលហើយ ដែលនឹងមកដល់នៅថ្ងៃទី១៩ ខែតុលា សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

Oppo នឹងរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនមួយនៅសិង្ហបុរីដែលនឹងចាប់ផ្តើមនៅម៉ោង ២:៣០នាទីរសៀលម៉ោងនៅសិង្ហបុរី ខណៈព្រឹត្តិការណ៍នេះប្រិយមិត្តក៏អាចចូលរួមទស្សនាបានផងដែរ ដោយមានផ្សាយបន្តផ្ទាល់តាមរយៈឆានែលយូធូបផ្លូវការរបស់ OPPO។

Oppo Find N3 Flip គឺជាស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ដោយកាមេរ៉ាខាងក្រោយចំនួន ៣គ្រាប់រួមមាន កាមេរ៉ាគោលទំហំ ៥០មេហ្គាភិចស៊ែរ ភ្ជាប់ជាមួយមុខងារ OIS, លេន Telephoto ៣២មេហ្គាភិចស៊ែរ និងលេន Ultrawide ទំហំ ៤៨មេហ្គាភិចស៊ែ។ លើសពីនេះទៅទៀតម៉ូដែលនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីបពីក្រុមហ៊ុន Media Tek ប្រភេទ Dimensity 9000+ រួមជាមួយនឹងអេក្រង់ប្រភេទ AMOLED ទំហំ ៦.៨អ៊ីង និងមួយផ្នែកទៀតទំហំ ៣.២អ៊ីញ ហើយចេញមកជាមួយជម្រើសទំហំ RAM ១២ជីហ្គាបៃ និង Storage ២៥៦ជីហ្គាបៃ/ ៥១២ជីហ្គាបៃដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 13។

គួរជម្រាបដែរថា Oppo Find N3 Flip នៅមិនទាន់មានការបញ្ជាក់ពីតម្លៃសម្រាប់ចេញលក់ជាសកលទេ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងមានតម្លៃចាប់ពី ១០០០ដុល្លារឡើងទៅ៕