(បរទេស)៖ បន្ទាប់ពីកើបប្រាក់ចំណូលបានជាង ១ពាន់លានដុល្លារ ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ពេលនេះតារាចម្រៀងប៉ុប Taylor Swift បានចងក្រងវីដេអូប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន ទៅជាភាពយន្តឯកសារ និងកំពុងចាក់បញ្ចាំងតាមរោងកុននានាជុំវិញពិភពលោក ដែលរហូតមកទល់នឹងពេលនេះ គឺរកចំណូលបានខ្ទង់១២៨លានដុល្លារហើយ ដែលធ្វើឲ្យរឿងនេះក្លាយជាភាពយន្តស្តីពីការប្រគំតន្ត្រីរកបានចំណូលច្រើនបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo នៅថ្ងសទី១៦ ខែតុលា ឆ្នាំ២០២៣។

យោងតាមគេហទំព័រ Camscore បានឲ្យដឹងថា គិតមកទល់ពេលនេះប្រាក់ចំណូលក្នុងស្រុកពីចាក់បញ្ចាំងភាពយន្តឯកសាររបស់ Taylor Swift គឺរកបានខ្ទង់៩៦លានដុល្លារ ខណៈចំណូលនៅទីផ្សារតាមបណ្តាប្រទេសនានា គឺរកបាន៣២លានដុល្លារ ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់១២៨លានដុល្លារ។ តែយ៉ាងណា ចំណូលនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត ព្រោះភាពយន្តនេះនៅបន្តបញ្ចាំងតាមរោងកុននៅឡើយ។

គួរជម្រាបថា ជាមួយលទ្ធផលនេះ បានធ្វើឲ្យរឿងរបស់ Taylor Swift បំបែកកំណត់ត្រាសម្រាប់ខ្សែភាពយន្តប្រគំតន្ត្រីដែលបានចំណូលច្រើនបំផុត ខណៈកំណត់ត្រាមុន គឺបានទៅលើភាពយន្តប្រគំតន្ត្រីរបស់ Michael Jackson ចំណងជើងថា «This Is It» ក្នុងឆ្នាំ ២០០៩ ដែលរកបាន ៧៤.៣លានដុល្លារ៕