(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រកាសជ្រើសរើសកីឡាករ-កីឡាការិនីថ្នាល ដែលមានអាយុក្រោម ១៥ឆ្នាំ ដើម្បីបន្ដវេនលើប្រភេទកីឡាដ៏មានសក្ដានុពលមួយនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ចំពោះការជ្រើសរើសនេះ សម្រាប់កីឡាករ-កីឡាការិនីដែលជាប់ការធ្វើតេស្ដ នឹងទទួលបានឱកាសហ្វឹកហាត់ជាមួយគ្រូបង្វឹកជំនាញ និងមានបទពិសោធន៍យូរឆ្នាំ ដោយមិនមានការបង់ប្រាក់អ្វីឡើយ។

តាមរយៈនេះ សហព័ន្ធបានលើកទឹកចិត្ដដល់អាណាព្យាបាល ពិសេសកុមារា-កុមារី ដែលមានចំណាប់អារម្មណ៍ហ្វឹកហាត់កីឡាចំបាប់ សូមចុះឈ្មោះចូលរួមជាមួយសហព័ន្ធឲ្យបានច្រើនកុះករ។

គួរដឹងថា ចំបាប់ត្រូវបានចាត់ទុកជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ដែលតែងតែទទួលបានសមិទ្ធផលនានា ពីការប្រកួតលក្ខណៈអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ដែលកន្លងមកអត្តពលិកកីឡាចំបាប់កម្ពុជា តែងដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជារឿយៗ៕