(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយនាល្ងាចថ្ងៃសុក្រ ទី១៣ ខែតុលាក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Futsal Asian 2024 ពូល G នៅប្រទេសអ៊ូសបេគីស្ថានកាលពីថ្មីៗ។

ការប្រកួតជម្រុះពូល G នេះ មានបេក្ខភាព ៤ក្រុម ខណៈជាលទ្ធផលក្រុមបាល់ទាត់ក្នុងសាលកម្ពុជា មិនស្គាល់ជ័យជម្នះនោះទេ ក្នុងចំណោម ៣ប្រកួត ដោយចាញ់ក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ៦-១, ចាញ់ក្រុមខ្លាំងអ៊ីរ៉ាក់ ៧-០ និងចាញ់ក្រុមម៉ាឡេស៊ី ៥-២។

ជុំវិញការបរាជ័យនេះ ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន ហើយប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែង ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនោះ ដើម្បីជំរុញឲ្យវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជាកាន់តែរីកចម្រើននាថ្ងៃអនាគត។

ត្រឡប់មកចាប់អារម្មណ៍លទ្ធផលការប្រកួតវិញ សម្រាប់បេក្ខភាពឡើងវគ្គបន្ដក្នុងពូល G គឺក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន និងក្រុមបាល់ទាត់ក្នុងសាលអ៊ីរ៉ាក់៕