(បរទេស)៖ ក្រុមហ៊ុន Ferrari បានចាប់ផ្តើមទទួលយកការទូទាត់ប្រាក់ជារូបិយប័ណ្ណគ្រីបតូសម្រាប់រថយន្តស្ព័រប្រណិតរបស់ខ្លួននៅសហរដ្ឋអាមេរិក ហើយនឹងពង្រីកវាសម្រាប់ទីផ្សារអឺរ៉ុបទាំងមូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ប្រធានផ្នែកទីផ្សារ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Ferrari បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនព្រមទទួលយកការទូទាត់ជារូបិយប័ណ្ណគ្រីបតូ ដោយសារតែមានការស្នើសុំជាច្រើនពីសំណាក់អតិថិជន និងតម្រូវការទីផ្សារ។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានទទួលយកការបង់ប្រាក់ជារូបិយប័ណ្ណគ្រីបតូ ប៉ុន្តែត្រូវបានផ្អាកវិញ ដោយសារតែលោក Elon Musk បង្ហាញពីក្ដីបារម្ភចំពោះការបម្រែបម្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានលោក Enrico Galliera ប្រធានផ្នែកទីផ្សារ និងពាណិជ្ជកម្មរបស់ Ferrari បញ្ជាក់ប្រាប់ Reuters ថា រូបិយប័ណ្ណគ្រីបតូបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីតរបស់ពួកគេតាមរយៈការណែនាំកម្មវិធីថ្មី និងការប្រើប្រាស់កាន់តែច្រើននៃប្រភពកកើតឡើងវិញ។

គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ក្រុមហ៊ុន Ferrari បាននាំយករថយន្តរបស់ខ្លួនចំនួន ១៨០០គ្រឿងទៅកាន់តំបន់អាមេរិក ហើយបើតាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សារ និងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ គឺមានការកក់ទុកពេញ ប៉ុន្តែចំពោះរថយន្តដែលត្រូវទទួលការទូទាត់តាមរយៈរូបយិប័ណ្ណគ្រីបតូនោះនៅមិនទាន់បានបញ្ជាក់បន្ថែមនោះទេ៕