(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលានេះ ដើម្បីត្រៀមប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើមសប្ដាហ៍ក្រោយ ។

បេសកកម្មក្រៅដីនេះ ធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ ។ ដូច្នេះជំនួបនាថ្ងៃអង្គារសប្ដាហ៍ក្រោយ គឺជាការប្រកួតកាត់សេចក្ដី ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងដំណើររបស់ក្រុមគោព្រៃកម្ពុជានេះ នៅតែពុំមានវត្តមានរបស់កីឡាករទើបចូលសញ្ជាតិ Jean Marie Privat Befolo Mbarga នោះទេ ដ្បិត FIFA មិនទាន់ឆ្លើយភាពអាចលេងបានរបស់កីឡាករជនជាតិដើមកាមេរ៉ូននេះឡើយ ។ នេះបើតាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ជាមួយការប្រកួតក្រៅដី បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ លើទឹកដីកម្ពុជា គឺជាសម្ពាធមួយសម្រាប់ក្រុមគោព្រៃ ដ្បិតគ្រូបង្វឹកកម្ពុជា លោក Felix Dalmas ទទួលស្គាល់ពីកម្រិតរបស់ក្រុមប៉ាគីស្ថាន ជាពិសេសការប្រកួតក្នុងដីពួកគេ ដែលខកខានជាច្រើនឆ្នាំ ធ្វើឲ្យអ្នកគាំទ្រប៉ាគីស្ថានជាច្រើនរង់ចាំការប្រកួតមកដល់ ៕